ខួប១០ឆ្នាំនៃការ​ធ្វើកំណែទម្រង់ការប្រឡង​បាក់ឌុប​នៅកម្ពុជា

BacII Exam in Cambodia 2024.jpg

សិក្សានុសិស្សចេញពីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប រយៈពេល ២ថ្ងៃ បានចាប់ផ្តើម កាលពីថ្ងៃទី៨ ខែតុលា។ មានបេក្ខជនជាង ១៣ម៉ឺននាក់ បានចុះឈ្មោះចូលរួមប្រឡង នៅទូទាំងប្រទេស ហើយនៅថ្ងៃទី១ម្សិលមិញ មានបេក្ខជនជាង ២ពាន់នាក់ អវត្តមាន។


បន្ទាប់ពីបានប្រព្រឹត្តទៅអស់រយៈពេលមួយថ្ងៃរួចមក ក្រសួងអប់រំ បានអះអាងថា ដំណើរការសំណេរ នៅថ្ងៃទី១ ត្រូវនឹងថ្ងៃទី៨ ខែតុលា ការប្រឡងបាក់ឌុប បានប្រព្រឹត្តទៅដោយរលូន និងមិនមានបាតុភាព ឬភាពមិនប្រក្រតីណាមួយ កើតឡើងឡើយ។

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា បើទោះបីមានភ្លៀងធ្លាក់តិចតួច នៅតាមមណ្ឌលមួយចំនួន ប៉ុន្តែដំណើរការសំណេរនៅតែមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគ គណៈអប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច។ បេក្ខជន ក៏បានគោរពបទប្បញ្ញត្តិ នៃការប្រឡង ព្រមទាំងបានប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។

( សំឡេង )

សូមបញ្ជាក់ថា ដំណើរការសំណេរនៃការប្រឡងបាក់ឌុប នាថ្ងៃទី១ ត្រូវនឹងថ្ងៃទី៨ ខែតុលានេះ គឺពេលព្រឹក មាន ២មុខវិជ្ជា ក្នុងនោះ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺប្រវត្តិវិទ្យា និងជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មាន ផែនដី បរិស្ថានវិទ្យា និងប្រវត្តិវិទ្យា។ ចំណែកពេលរសៀល ក៏មាន ២មុខវិជ្ជាដែរ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ គឺគីមីវិទ្យា និងភាសាបរទេស។ រីឯថ្នាក់វិទ្យាសាស្ត្រសង្គម គឺភូមិវិទ្យា និងភាសាបរទេស។

ដោយឡែក នៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី៩តុលានេះ ដំណើរការសំណេរនៃការប្រឡងបាក់ឌុប មាន ៣មុខវិជ្ជាទៀត។ នៅថ្នាក់វិទ្យាសាស្ត្រ គឺពេលព្រឹក ប្រឡងអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា ហើយនៅពេលរសៀល ប្រឡងគណិតវិទ្យា។ ចំណែកថ្នាក់វិទ្យាសាស្ត្រសង្គម ពេលព្រឹក ប្រឡងគណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា។ រីពេលរសៀល ប្រឡងអក្សរសាស្ត្រខ្មែរ។

ការប្រឡងបាក់ឌុប នៅឆ្នាំ២០២៤ នេះ នឹងប្រកាសលទ្ធផល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់មណ្ឌលប្រឡង នៅភ្នំពេញ និងនៅខេត្តកណ្តាល។ ចំណែកថ្ងៃទី៣១ ខែតុលា នឹងប្រកាសលទ្ធផលប្រឡង នៅខេត្តផ្សេងទៀត។

សូមរម្លឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាក់ឌុប ឆ្នាំ២០២៣ សម័យប្រឡង ថ្ងៃទី៦-៧ វិច្ឆិកា ឆ្នាំ២០២៣ មានបេក្ខជនសរុបជាង ១៣ម៉ឺន ៧ពាន់ ៤១២នាក់ ( ១៣៧ ៤១២នាក់ ) ដោយមានបេក្ខនារីជាង ៧ម៉ឺននាក់ ( ៧៣ ២៧៨នាក់ )។ ចំណែកលទ្ធផលប្រឡងបាក់ឌុប ឆ្នាំមុន ដែលបានប្រកាស នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺមានបេក្ខជនជាង ៩ម៉ឺន ៨ពាន់នាក់ ( ៩៨ ៤៦០នាក់ ) ស្មើជិត ៧៣% បានប្រឡងជាប់។ ក្នុងនោះ សិស្ស ដែលទទួលបាននិទ្ទេស A មានចំនួន ១៦៧៣នាក់។

សូមបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២៤ នេះ គឺគម្រប់ ១០ឆ្នាំនៃការធ្វើកំណែទម្រង់ការប្រឡងបាក់ឌុប នៅពេលលោក ហង់ជួន ណារ៉ុន ឡើងធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ការរឹតបន្តឹងពេលប្រឡងបាក់ឌុប រយៈពេល ១០ឆ្នាំមកនេះ បានធ្វើឡើងតាមគោលការណ៍អ្នកចេះប្រឡងជាប់ ដោយមិនអនុញ្ញាតឱ្យបេក្ខជនប្រឡង យកសំណៅឯកសារ ឬគ្រឿងអេឡិចត្រូនិក កាស្យូ ទូរសព្ទ និងឧបករណ៍ហាមឃាត់ ចូលមណ្ឌលប្រឡងទេ។ ក្នុងនោះ បេក្ខជនប្រឡងបាក់ឌុប ក៏មិនអាចលួចចម្លង ឬបើកមើលប៊្រុយយ៉ុង ក្នុងពេលប្រឡងឡើយ។ វិធានការរឹតបន្តឹងលើការប្រឡងបាក់ឌុប តាមរយៈគោលការណ៍ អ្នកចេះ ប្រឡងជាប់នេះ ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋាន គាំទ្រយ៉ាងខ្លាំង និងស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា ពង្រីកវិធានការប្រឡងនេះ ទៅថ្នាក់ឧត្តមសិក្សា ហើយក៏ត្រូវពង្រឹងគុណភាពអប់រំ នៅកម្ពុជា ចាប់ពីថ្នាក់បឋមសិក្សាផងដែរ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
ខួប១០ឆ្នាំនៃការ​ធ្វើកំណែទម្រង់ការប្រឡង​បាក់ឌុប​នៅកម្ពុជា | SBS Khmer