ក្មេងស្រីម្នាក់នៅស្រុកកញ្ចៀច ខេត្តព្រៃវែង ស្លាប់​ដោយសារជំងឺផ្តាសាយបក្សី

H5N1.jpg

ក្រសួងសុខាភិបាល បានប្រកាសនៅព្រលប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ថា ជំងឺផ្ដាសាយបក្សី H5N1 បានសម្លាប់កុមារីម្នាក់ អាយុ ១៥ឆ្នាំ នៅភូមិពោធិ៍ម៉ិញ ឃុំកញ្ចៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។


តាមសេចក្តីប្រកាស កុមារីរងគ្រោះ អាយុ ១៥ឆ្នាំ ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

សេចក្តីប្រកាស លើកឡើងថា ទោះជាមានការយកចិត្តទុកដាក់ថែទាំ និងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ដោយសារស្ថានភាពអ្នកជំងឺ មានសភាពធ្ងន់ធ្ងរ រួមមាន គ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម និងសន្លប់។ កុមារី ដែលឆ្លងជំងឺផ្តាសាយបក្សី H5N1 បានទទួលមរណភាព នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

ក្រសួងសុខាភិបាល បានប្រកាសថា តាមការសាកសួរ បង្ហាញថា ប្រហែល ៥ថ្ងៃមុនពេលនាង ចាប់ផ្ដើមឈឺ គឺនៅក្នុងភូមិ មានមាន់ទា ងាប់ច្រើន និងផ្ទះបងប្អូនអ្នកជំងឺ មានមាន់ងាប់ ក៏បានយកមាន់ងាប់នោះ ចែកមកឱ្យគ្រួសារអ្នកជំងឺ យកមកធ្វើម្ហូប ហើយកុមារី បានប៉ះពាល់ និងកាន់មាន់ងាប់នេះ ដើម្បីធ្វើម្ហូប។

ក្រសួងសុខាភិបាល ប្រកាសថា ក្រោយកើតហេតុការណ៍នេះ ក្រុមមន្ត្រីជំនាញ បានបន្តស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្ត ទៅអ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថ តាមីហ្វ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិ ដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល ក៏បានប្រកាស ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ ក្នុងអំឡុង ១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជន ដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាល នៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុត ឱ្យបានឆាប់ទាន់ពេលវេលា។

ក្រសួងសុខាភិបាល ក៏បានប្រកាសពីរបៀបចម្លង ជំងឺផ្តាសាយបក្សី H5N1។ នោះគឺជំងឺនេះ ជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សី ទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺ ឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្ស ជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លងដូចនឹងជំងឺផ្តាសាយ តាមរដូវកាលផងដែរ។

ក្រសួងសុខាភិបាល ក៏បានប្រកាសពីវិធានការបង្ការ ជំងឺផ្តាសាយបក្សី H5N1 ដោយត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក មុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សី នៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់សត្វបក្សី ដែលធ្វើសម្រាប់បរិភោគ ត្រូវចំអិន ឱ្យឆ្អិនល្អ។

សូមរម្លឹកថា ជំងឺផ្តាសាយបក្សី H5N1 បានកើតឡើងនៅកម្ពុជា យូរឆ្នាំមកហើយ ដោយបានសម្លាប់មាន់ទាជាច្រើន ព្រមទាំងឆ្លងរាលដាលមកប្រជាពលរដ្ឋកម្ពុជា នៅតាមទីជនបទ ព្រមទាំងបានសម្លាប់មនុស្សច្រើននាក់ជាបន្តបន្ទាប់។ អ្នករងគ្រោះទាំងនោះ ដោយសារតែប៉ះពាល់នឹងមាន់ទា ដែលឈឺងាប់ ហើយយកមាន់ទាទាំងនោះ មកធ្វើម្ហូបអាហារ ទទួលទាន៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
ក្មេងស្រីម្នាក់នៅស្រុកកញ្ចៀច ខេត្តព្រៃវែង ស្លាប់​ដោយសារជំងឺផ្តាសាយបក្សី | SBS Khmer