សមិទ្ធិផល​នៃកិច្ច​ប្រជុំ​កំពូល​ពេិសេស​អាស៊ាន-អូស្រ្តាលី​របស់​កម្ពុជា

50 ASEAN-Australia - STPM.jpg

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ខែមីនា 2024

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា។ បេសកកម្មចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី របស់លោក ហ៊ុន ម៉ាណែត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ច។


អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនយោបាយ និងការទូត គឺលោក នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ត្រូវបានទទួលបដិសណ្ឋារកិច្ចប្រកបដោយកិត្តិយស នៅអាកាសយានដ្ឋានអន្តរជាតិម៉ែលប៊ន ដោយឥស្សរជនជាន់ខ្ពស់នៃរដ្ឋាភិបាលអូស្ត្រាលី មុននឹងអញ្ជើញចូលរួមពិធីទទួលស្វាគមន៍ផ្លូវការពីសំណាក់លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី និងភរិយា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ម៉ែលប៊ន ជាមួយបណ្តាមេដឹកនាំអាស៊ានផ្សេងទៀត។

ក្នុងនោះ លោកនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ៤ប្រទេសផ្សេងទៀត រួមមាន ប្រធានាធិបតីហ្វីលីពីន ប្រធានាធិបតីឥណ្ឌូនេស៊ី នាយករដ្ឋមន្ត្រី សិង្ហបុរី និងនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។

ដោយឡែក ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សម្តេចធិបតី បានអញ្ជើញជាអធិបតីក្នុង វេទិកាធុរកិច្ច កម្ពុជា-អូស្ត្រាលី ឆ្នាំ២០២៤ រៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម Victoria ដោយមានការចូលរួមពីវិនិយោគិនប្រមាណជាង ៣០០នាក់ មកពីជាង ២០០ក្រុមហ៊ុន។

នៅអូស្ត្រាលី លោកហ៊ុនម៉ាណែត ក៏បានធ្វើជាសាក្សីនៃពិធីចុះអនុស្សរណៈយោគយល់គ្នាចំនួន ២ ពាក់ព័ន្ធនឹងការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងកម្ពុជា និងអូស្ត្រាលី និងការចូលរួមទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍។

ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងស្ថាប័នវិនិយោគអូស្ត្រាលីលំដាប់ អន្តរជាតិចំនួន ១០ ដែលកំពុងធ្វើប្រតិបត្តិការវិនិយោគលើវិស័យ ធនាគារ ហិរញ្ញវត្ថុ ឧស្សាហកម្ម ឡូជីស្ទីក ថាមពលនិងឧស្ម័ន កសិកម្ម និងការកែច្នៃម្ហូបអាហារ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងអប់រំ ជាដើម។

នៅពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី៦មីនា លោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន កាលពីថ្ងៃទី៦មីនា អូស្ត្រាលីបានប្រកាសផែនការបង្កើនទុនវិនិយោគជាង ២ពាន់លានដុល្លារអូស្ត្រាលី នៅក្នុងតំបន់អាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម ក្នុងតំបន់។

លោក សូ ណារ៉ូ បន្ថែមថា ទុនវិនិយោគជាង ២ពាន់លានដុល្លារអូស្ត្រាលីនេះ នឹងផ្តោតលើវិស័យចំនួន ៤ រួមមាន វិស័យធុរកិច្ច អប់រំ សង្គមស៊ីវិល និងរដ្ឋាភិបាល។

​( សំឡេង​លោក សូ ណារ៉ូ )

លោក សូ ណារ៉ូ ក៏បានបន្ថែមថា អូស្រ្តាលី ក៏បានបង្ហាញពីគម្រោងវិនិយោគយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់អូស្រ្តាលី សម្រាប់តំបន់អាស៊ាន ដល់ឆ្នាំ២០៤០ ដែលក្នុងនោះ រួមមាន ការបង្កើនការយកចិត្តទុកដាក់ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតចំណេះដឹងអំពីទីផ្សារ ការរំលាយរបាំង ដែលដោះស្រាយបញ្ហាពន្ធ និងមិនមែនពន្ធគយ ការកសាងសមត្ថភាព និងការវិនិយោគឲ្យកាន់តែស៊ីជម្រៅទៅដល់វិបុលភាព។

ទន្ទឹមគ្នានេះ ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា អាស៊ាន-អូស្ដ្រាលី បានផ្សាភ្ជាប់គ្នា តាមរយៈភូមិសាស្ដ្រ នៅជិតគ្នា និងលក្ខណៈសម្បត្តិរួម ប្រជាជាតិដែលមានការគោរពឲ្យតម្លៃគ្នាដល់ភាពចម្រុះនៃវប្បធម៌ និងការរួមរស់ជាមួយគ្នាដោយសន្ដិភាព។

លោក ហ៊ុន ម៉ាណែត ក៏បានជំរុញឲ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនៃតំបន់សេដ្ឋកិច្ចសេរីអាស៊ាន-អូស្ដ្រាលី-ញូហ្សែលែន, ការកសាងហេដ្ឋារចនាសម្ព័ន្ធបណ្ដុះបណ្ដាលធនធានមនុស្សដែលអូស្ដ្រាលី មានកម្រិតអប់រំដ៏មានគុណភាព ហើយគាំទ្រការបើកមជ្ឈមណ្ឌលអាស៊ាន-អូស្ដ្រាលី នាពេលខាងមុខផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលបានធ្វើឡើង នៅទីក្រុងម៉ែលប៊ន នៅក្នុងសប្តាហ៍នេះ បានអនុម័តឯកសារចំនួនពីរ រួមមាន១) សេចក្តីប្រកាសចក្ខុវិស័យរួមរបស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី ស្តីពី ដៃគូសម្រាប់សន្តិភាព និងវិបុលភាព, និងឯកសារទី ២) សេចក្តីថ្លែងការណ៍ ទីក្រុងម៉ែលប៊ន ស្តីពី ភាពជាដៃគូ សម្រាប់អនាគត៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
សមិទ្ធិផល​នៃកិច្ច​ប្រជុំ​កំពូល​ពេិសេស​អាស៊ាន-អូស្រ្តាលី​របស់​កម្ពុជា | SBS Khmer