រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត រុះរើគណៈរដ្ឋមន្ត្រី

National Assembly meeting 2024.jpg

កិច្ចប្រជុំរដ្ឋសភា នីតិកាលទី៧

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា បានសម្រេច កោះប្រជុំរដ្ឋសភា ជាវិសាមញ្ញ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ។


កិច្ចប្រជុំរដ្ឋសភា នាប៉ុន្មានថ្ងៃខាងមុខនេះ គឺដើម្បីពិនិត្យ និងបោះឆ្នោតតាមការស្នើសុំរបស់រាជរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងនោះ រួមមាន៖ ១-ការពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន ២រូប។ ២-ការប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី មណ្ឌលខេត្តកំពង់ឆ្នាំង ជូនលោក ហ៊ឺ វីរៈ ជំនួសលោក គង់ សំអុល ដែលបានទទួលមរណភាព។ ៣-ការបោះឆ្នោតជ្រើសតំាង លោក អ៊ិត រ៉ាឌី ជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣។ ៤-ការពិភាក្សា និងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។

សូមរម្លឹកថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភា បានប្រជុំបោះឆ្នោត អនុម័តសមាសភាពរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧។ នៅថ្ងៃដដែលនោះ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងសមាសភាពរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងមានឧបនាយករដ្ឋមន្ត្រី ១០រូប ទេសរដ្ឋមន្ត្រី ២១រូប និងរដ្ឋមន្ត្រី ៣០រូប។

ក្រោយមក នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែត ក៏បានស្នើសុំរដ្ឋសភា ប្រជុំបោះឆ្នោត តែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ៣រូប ហើយនៅថ្ងៃដដែលនោះ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានចេញព្រះរាជក្រឹត្យ តែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ៣រូបនោះផងដែរ។ សមាសភាពរាជរដ្ឋាភិបាលបំពេញបន្ថែមទាំង ៣រូបនោះ គឺឧបនាយករដ្ឋមន្ត្រី ១រូប និងទេសរដ្ឋមន្ត្រី ២រូប រួមមាន៖ លោក ហ៊ុន ម៉ានី ប្អូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានជ្រើសតាំងជាឧបនាយករដ្ឋមន្ដ្រី បន្ថែមលើមុខងារ ជារដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ។ ចំណែកទេសរដ្ឋមន្ត្រី ២រូបទៀត គឺលោក ស្រ៊ី ថាមរុង្គ ដែលជាអ្នកដើរតាមលោក ហ៊ុន សែន ច្រើនឆ្នាំមកហើយ និងលោក ប៉ែន វិបុល កូនប្រសាររបស់លោក ហេង សំរិន ត្រូវបានជ្រើសតាំង ជាទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស។

ចំពោះការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ២រូប ដែលរដ្ឋសភា គ្រោងនឹងប្រជុំបោះឆ្នោត សម្រេច នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញាខាងមុខនេះ មិនត្រូវបានគេប្រកាសជាផ្លូវការឱ្យដឹងនោះទេ។ ប៉ុន្តែប្រភពព័ត៌មាន សុំមិនបញ្ចេញឈ្មោះ បានបង្ហើបថា ជាការដោះដូររដ្ឋមន្ត្រី ២រូប គឺរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន ដែលជាកូនប្រុសរបស់សពលោក សុខ អាន និងត្រូវជាកូនប្រសាររបស់លោក ចម ប្រសិទ្ធ។ រីឯរដ្ឋមន្ត្រីម្នាក់ទៀត ដែលត្រូវប្តូរចេញដែរនោះ គឺរដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក ហួត ហាក់៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service