មានការអំពាវនាវឲ្យពង្រឹងការគោរព និងអនុវត្តច្បាប់ ក្រោយករណី​ឃាតកម្ម​បាញ់សម្លាប់អ្នកជិតខាង

Okhna Srey Sina.png

ឧកញ៉ា ស្រី ស៊ីណា ជនជាប់ចោទបាញ់សម្លាប់គូដណ្តឹងមួយគូ ក្នុងជម្លោះអ្នកជិតខាង

ករណីឃាតកម្មដ៏សាហាវមួយ បង្កឡើងដោយឧកញ៉ាម្នាក់ ឈ្មោះ ស្រី ស៊ីណា អាយុ ៥០ឆ្នាំបានប្រើកាំភ្លើងខ្លី បាញ់សម្លាប់អ្នកជិតខាង ក្នុងជម្លោះបន្តិចបន្តួច។ ហេតុការណ៍បាញ់ប្រហារនោះ បានកើតឡើង នៅក្នុងបុរីប៉េងហួត បឹងស្នោរ ស្ថិតតាមផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។


មូលហេតុនោះ ចេញពីទំនាស់នៃការប្រើប្រាស់ស្នួហាលខោអាវ ព្រមទាំងការចតឡាន មុខផ្ទះជនរងគ្រោះ ដែលស្ថិតនៅជាប់ជញ្ជាំងនឹងផ្ទះរបស់ភាគីឧកញ៉ា ជនដៃដល់។

ហេតុការណ៍ចូលបាញ់ប្រហារដល់ក្នុងផ្ទះជនរងគ្រោះនោះ គឺបណ្តាលឱ្យស្លាប់ ២នាក់ គូដណ្តឹង និងរបួស ២នាក់។ ក្រោយហេតុការណ៍ ឧកញ៉ា ស្រី ស៊ីណា បានបើកឡាន រត់គេចពីភ្នំពេញ តាមផ្លូវជាតិលេខ៤ រហូតដល់ស្រុកអង្គស្នួល ខេត្តកណ្តាល ទើបប៉ូលិស ស្ទាក់ចាប់បាន។

លោកឧកញ៉ា ស្រី ស៊ីណា បានឆ្លើយសារភាពយ៉ាងដូច្នេះ ចំពោះមុខប៉ូលិសថា៖ ( សំឡេង )​​

ចំពោះករណីបាញ់ប្រហារនេះ ត្រូវបានអ្នកសិក្សាស្រាវជ្រាវសង្គមនយោបាយកម្ពុជា បានអំពាវនាវឲ្យពង្រឹងការគោរព និងអនុវត្តច្បាប់ ឲ្យបានតឹងរ៉ឹង និងដោះស្រាយវិវាទ ដោយសន្តិវិធី។

លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ អាយឃី បានលើកឡើងថា នៅពេលមានទំនាស់កើតឡើង គូវិវាទ គួរតែយកច្បាប់ ជាគោល និងដោះស្រាយគ្នា ដោយសន្តិវិធី ជៀសវាងការប្រើនូវអំពើហិង្សា រហូតដល់បាញ់ប្រហារ សម្លាប់មនុស្សដូច្នេះ។

( សំឡេង )

ចំណែកលោកបណ្ឌិត គិន ភា អ្នកសិក្សាស្រាវជ្រាវសង្គមនយោបាយ ក៏លើកឡើងថា «នៅពេលមានអំពើឃាតកម្មសាហាវឃោរឃៅដូច្នេះ សាធារណជន ចង់សំណូមពរឱ្យមានទោសប្រហារជីវិត។ តែជាយោបល់ខ្ញុំ សូមកុំឱ្យវាមានអីល្អជាង ម្យ៉ាងវាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញផង ហើយម្យ៉ាងទៀត ដរាបណាប្រព័ន្ធនីតិរដ្ឋយើងនៅរយីករយាកនៅឡើយ សុំកុំសាកល្បងយកជីវិតមនុស្ស មកប្រឡែងលេងនឹងច្បាប់អី។ នាំគ្នាពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងនិងទូទៅដោយគ្មានបែងចែកស្តង់ដារ ហើយលើកកម្ពស់ការអប់រំ និងការផ្សព្វផ្សាយច្បាប់ផងទៅ អាចកាត់បន្ថយអំពើឃាតកម្មបានមួយផ្នែកធំហើយ»។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត គិន ភា។

យ៉ាងណាក៏ដោយ ក្នុងរឿងនេះ មហាជនតាមមើល ហើយក៏មានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមួយចំនួន ចាប់អារម្មណ៍ ដោយសរសេរបង្ហោះតាមហ្វេសប៊ុកថែមទៀត។ ក្នុងនោះ រួមមាន លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្អូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងជាកូនប្រុសពៅរបស់លោក ហ៊ុន សែន ផងដែរ។

ការគ្រប់គ្រងអាវុធ នៅកម្ពុជា ក៏ត្រូវបានសាធារណជន ស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យធ្វើដោយម៉ឹងម៉ាត់ជាងពេលនេះ។ ចំណែកការអនុវត្តច្បាប់ក៏ត្រូវតែម៉ឹងម៉ាត់ តម្លាភាព និងស្មើភាពគ្នា។ ពោលគឺអ្នកប្រព្រឹត្តទោសកំហុស ពិសេសបាញ់សម្លាប់គេដូច្នេះ ត្រូវតែកាត់ទោសតាមច្បាប់ គឺត្រូវផ្តន្ទាទោស ដាក់គុកអស់មួយជីវិត៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
មានការអំពាវនាវឲ្យពង្រឹងការគោរព និងអនុវត្តច្បាប់ ក្រោយករណី​ឃាតកម្ម​បាញ់សម្លាប់អ្នកជិតខាង | SBS Khmer