កម្ពុជា-អូស្ត្រាលី ចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស

Bilateral meeting Australia_Cambodia during ASEAN Special Summit 2024 in Melbourne

កិច្ចប្រជុំទ្វេភាគីរវាងកម្ពុជានិងអូស្រ្តាលី ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន ២០២៤។ Credit: Leigh Henningham

កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី។ កិច្ចប្រជុំទ្វេភាគីនេះ បានធ្វើឡើង ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។


ជាកិច្ចចាប់ផ្តើម សមភាគីទាំងពីរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមក ដោយក្ដីសោមនស្សរីករាយ។

ប្រព័ន្ធផ្សព្វផ្សាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្សាយថា ក្នុងជំនួបនេះ លោក អេនថូនី អាល់បានីស៊ី បានរំឭកពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-អូស្រ្តាលី ជាង ៧ទសវត្សរ៍មក។ ពោលគឺមុនពេល ដែលប្រទេសកម្ពុជា ទទួលបានឯករាជ្យទៅទៀត។ នេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើរ ហើយប្រជាជននៃប្រទេសទាំងពីរ ទទួលបានផលប្រយោជន៍ទៅវិញទៅមកនៅក្នុងទំនាក់ទំនងដ៏ល្អប្រសើរនេះ។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានសម្ដែងនូវការគាំទ្រ និងបង្ហាញពីការពេញចិត្តក្នុងការពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលលោកបានមានប្រសាសន៍ថា៖ “កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់នូវការលំបាកក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ ក៏កម្ពុជានៅតែអស្ចារ្យ និងបន្តដំណើរទៅមុខទៀត”។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងបានជម្រាបជូន លោក អេនថូនី អាល់បានីស៊ី ថា៖ “កម្ពុជាសូមថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួយគាំទ្រដល់កម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលនៃការស្វែងរកសន្តិភាពជូនកម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាមិនអាចកើតឡើងបានឡើយ បើមិនមានការគាំទ្រ និងការយកចិត្តទុកដាក់ និងការផ្តល់ជំនួយលើវិស័យគន្លឹះ ដែលរួមមាន៖ វិស័យកសិកម្ម សុខាភិបាល ការបោសសម្អាតមីន សន្តិសុខ ការពារសន្តិសុខ និងវិស័យផ្សេងៗទៀត”។

ក្នុងក្របខ័ណ្ឌនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លោក ហ៊ុន ម៉ាណែត បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី អេនតូនី អាល់បានីស៊ី អំពីវិស័យសំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមមាន ដូចជា៖ វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ការអប់រំ និងការងារ និងផ្នែកការពារជាតិ។

លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា លោកបានបង្ហាញអំពីការទាក់ទាញការវិនិយោគពីធុរជនអូស្ត្រាលី នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី កាលពីព្រឹក និងបានស្វាគមន៍ ចំពោះការចុះកិច្ចព្រមព្រៀង ស្តីពី សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាកត្តាជំរុញដល់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ជាកិច្ចបញ្ចប់ លោក ហ៊ុន ម៉ាណែត បានអញ្ជើញលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ដើម្បីធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ក្នុងពេលវេលាសមស្របណាមួយនាពេលអនាគត។

 

លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានស្វាគមន៍ និងទទួលយកការស្នើអំពីវិស័យនៃសហប្រតិបត្តិការទាំងនេះ និងសម្តែងការរីករាយទទួលយកការអញ្ជើញរបស់លោក ហ៊ុន ម៉ាណែត ដើម្បីធ្វើ ទស្សនកិច្ចផ្លូវការនៅកម្ពុជា នាពេលសមស្របខាងមុខ។

 

តាមកម្មវិធី ដែលបានគ្រោងទុក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់ពីប្រទេសអូស្ត្រាលី មកដល់ភ្នំពេញ នៅពាក់កណ្តាលអាធ្រាត្រថ្ងៃទី៦ ឈានចូលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នេះ បន្ទាប់ពីលោក បានចាកចេញពីភ្នំពេញ កាលពីល្ងាចថ្ងៃទី១ ខែមីនា ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service