កម្ពុជា-ចិន ធ្វើសមយុទ្ធយោធារួមគ្នា នៅដែនគោកនិងដែនសមុទ្រ

Cambodia_China milit

កម្ពុជា-ចិន ធ្វើសមយុទ្ធយោធារួមគ្នា

កងទ័ពកម្ពុជា និងកងទ័ពចិន នឹងត្រូវធ្វើសមយុទ្ធរួមគ្នា ដែលមានឈ្មោះថា “នាគមាស-ឆ្នាំ២០២៤” ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌»។ សមយុទ្ធនេះ នឹងធ្វើឡើង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ក្នុងខេត្តកំពង់ឆ្នាំង និងនៅដែនសមុទ្រ ក្នុងខេត្តព្រះសីហនុ។


លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៣ ខែឧសភាថា ការធ្វើសមយុទ្ធយោធាកម្ពុជា-ចិន ដែលមានឈ្មោះថា “នាគមាស-ឆ្នាំ២០២៤” នេះ ធ្វើឡើង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងចិន ចែករំលែកបទពិសោធន៍លើប្រតិបត្តិការប្រឆាំងភេរវកម្ម និងការជួយសង្គ្រោះមនុស្សធម៌ ក្នុងគ្រោះមហន្តរាយផ្សេងៗ។

(សំឡេង)

ជាមួយគ្នានេះ កម្ពុជា ក៏បានប្រកាសស្វាគមន៍គ្រប់បណ្តាប្រទេសទាំងអស់ ដើម្បីរួមគ្នា ធ្វើសមយុទ្ធជាមួយកងទ័ពកម្ពុជា។ ប៉ុន្តែកម្ពុជា តម្រូវឲ្យស្នើសុំមកកម្ពុជាជាមុន និងមានខ្លឹមសារស្របតាមគោលនយោបាយរបស់កម្ពុជា។

ដោយឡែក ចំពោះការចល័តកងទ័ព និងយុទ្ធោបករណ៍ចិន ពីខេត្តព្រះសីហនុ ទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែឧសភា ត្រូវបានលោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ ក៏បានប្រកាស អំពាវនាវដល់មហាជន កុំឱ្យមានការភ្ញាក់ផ្អើល និងបារម្ភ ចំពោះការធ្វើដំណើររបស់កងទ័ពចិននេះ។

ក្រសួងការពារជាតិកម្ពុជា បានប្រកាសថា សមយុទ្ធ “នាគមាស-ឆ្នាំ២០២៤” រវាងកងទ័ពកម្ពុជានិងចិន ពេលនេះ គ្រោងនឹងមានកងកម្លាំងចូលរួមសរុប ជាង ២០០០នាក់។ ក្នុងនោះ កងទ័ពចិន មានចំនួនជាង ៧០០នាក់ និងកងទ័ពកម្ពុជា មានចំនួនជាង ១០០០នាក់។

សម្រាប់គ្រឿងបំពាក់ ក្នុងសមយុទ្ធលើគោក រួមមាន រថពាសដែក និងយានយន្តគ្រប់ប្រភេទ៦៩គ្រឿង ឧបករណ៍សម្រាប់ស៊ើបការណ៍ ឧបករណ៍សម្រាប់បោះសម្អាតជាតិផ្ទុះ និងឧបករណ៍បញ្ជូនសារជាច្រើនទៀត។ ដោយឡែក សមយុទ្ធលើផ្ទៃសមុទ្រ រួមមាន នាវា ១៤គ្រឿង និងឧទ្ធម្ភាគចក្រ ២គ្រឿង។

កម្ពុជា និងចិន ធា្លប់បានធ្វើសមយុទ្ធ «នាគមាស» រួមគ្នា ចំនួន ៥លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨, ២០១៩ ,ឆ្នាំ២០២០ និងឆ្នាំ២០២៣។ ការអាក់ខានធ្វើនៅឆ្នាំ២០១៧ ដោយសារកម្ពុជាជាប់យុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និង ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នាវាកងទ័ពជើងទឹករបស់ចិន ចំនួន ០១គ្រឿង ជាប្រភេទនាវាពហុមុខងារ បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ របស់ប្រទេសកម្ពុជា។

នាវាកងទ័ពជើងទឹករបស់ចិន ដែលចូលចតនៅកម្ពុជាពេលនេះ មានលក្ខណៈបច្ចេកទេសពហុមុខងារ ដោយមានបណ្ដោយប្រវែង ២១០ម៉ែត្រ ទទឹងប្រវែង ២៨ម៉ែត្រ ជម្រៅទឹកប្រវែង ៧ម៉ែត្រ ល្បឿន ២៥ណត ទម្ងន់ផ្ទុក ២៥០០០តោន។

នាវាយោធារបស់កងទ័ពជើងទឹកចិន ចំនួន ២គ្រឿង ក៏បានចូលចតនៅកំពង់ផែកងទ័ពជើងទឹកកម្ពុជា នៅរាម ជិតកំពង់ផែក្រុងព្រះសីហនុ ដើម្បីចូលរួមក្នុងសមយុទ្ធយោធា ជាមួយនឹងកងទ័ពជើងទឹកកម្ពុជា នាពេលនេះផងដែរ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service