សប្តាហ៍ថាមពលស្អាតកម្ពុជា៖ អំពាវនាវឱ្យ​មាន​សកម្មភា​ពលើ​អន្តរកាល​ថាមពលស្អាត

Australian Ambassador to Cambodia Justin Whyatt.jpg

ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា លោក Justin Whyatt

នៅថ្ងៃទី១៦ ខែវិច្ឆិកា កម្ពុជា អូស្ត្រាលី នូវែលសេឡង់ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបើកសម្ពោធ «សប្តាហ៍ថាមពលស្អាតកម្ពុជា ឆ្នាំ២០២៣» ដោយអំពាវនាវឱ្យមានសកម្មភាពសម្របសម្រួលលើអន្តរកាលថាមពលស្អាត ពីគ្រប់ភាគីពាក់ព័ន្ធ។ កម្មវិធីនេះក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងៗដែលធ្វើការក្នុងវិស័យថាមពលស្អាត។ ប្រធានបទនៃសប្តាហ៍ថាមពលស្អាតនៅឆ្នាំនេះគឺ «សន្តិសុខថាមពល និងអនាគតថាមពលស្អាតរបស់កម្ពុជា»។


ឯកអគ្គរដ្ឋទូតអូស្រ្តាលី លោក ចាស្ទីន វ៉ាយអេត មានប្រសាសន៍ថា «អន្តរកាលថាមពលស្អាតរបស់កម្ពុជា គឺជាឱកាសមួយ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ អូស្ត្រាលីប្តេជ្ញាគាំទ្រការផ្លាស់ប្តូរនេះ រួមទាំងការចែករំលែកបទពិសោធន៍របស់យើង ក្នុងការធ្វើអន្តរការថាមពលកកើតឡើងវិញទៅក្នុងបណ្តាញអគ្គិសនីមេ ដើម្បីជួយកម្ពុជាសម្រេចបាននូវលទ្ធផល តាមការរំពឹងទុក។»

លោកឯកអគ្គរដ្ឋទូត វ៉ាយអេត បានបន្ថែមថា «តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) អូស្ត្រាលីកំពុងធ្វើការជាមួយក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមហ៊ុនអគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀតលើការរួមបញ្ចូលថាមពលកកើតឡើងវិញ។ CAPRED ក៏កំពុងអនុវត្តគម្រោងដែលជួយឲ្យប្រជាជននៅតំបន់ដាច់ស្រយាលដែលមិនទាន់ត្រូវបានភ្ជាប់ទៅកាន់បណ្តាញអគ្គិសនី ឱ្យមានលទ្ធភាពភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលសូឡា និងគាំទ្រប្រសិទ្ធភាពថាមពល តាមរយៈទីផ្សារក្រុមហ៊ុនផ្តល់សេវាកម្មថាមពល(ESCOs)។»

លោកស្រី Alissar Chaker អ្នកតំណាង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជាមានប្រសាសន៍ថា «ការទទួលយកថាមពលស្អាតមិនមែនជាគោលជំហរមនោគមវិជ្ជាទេ។ វាគឺជាឱកាសអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់កម្ពុជាក្នុងការបង្កើនសន្តិសុខថាមពល បង្កើតភាគលាភពាណិជ្ជកម្ម និងការងារ លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងបង្កើនភាពធន់ និងបរិយាបន្ន។

កម្មវិធីនេះ ក៏មានកិច្ចពិភាក្សាលើអាទិភាពសំខាន់ៗ សម្រាប់អន្តរកាលថាមពលស្អាតរបស់ប្រទេសកម្ពុជា ដោយមានវាគ្មិនកិត្តិយសមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) និង Empacte។

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយអង្គការអេននឺជីឡេប (EnergyLab Cambodia) ក្នុងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយនឹងសហស្ថាបនិករួមមាន រដ្ឋាភិបាលអូស្ត្រាលី និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងទទួលបានមូលនិធិពីអូស្រ្តាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) ក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ និងគម្រោងកម្មវិធីផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យដែលទទួលបានមូលនិធិពីសហភាពអ៊ឺរ៉ុបតាមរយៈកម្មវិធី SWITCH-Asia និងសាធារណរដ្ឋឆែកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក (CzDA)។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ដោយក្នុងនោះ រួមមានកម្មវិធីដូចជា៖ កិច្ចពិភាក្សា សិក្ខាសាលា ការតាំងពិព័រណ៍ និងកម្មវិធីលើកកម្ពស់ការយល់ដឹង ដើម្បីបង្ហាញពីការច្នៃប្រឌិត ភាពជោគជ័យ និងអត្ថប្រយោជន៍ប្រកបដោយបរិយាបន្ននៃថាមពលស្អាត។ កម្មវិធីនេះ ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងវិស័យឯកជន វិស័យសាធារណៈ និងការយល់ដឹងក្នុងចំណោមសាធារណជន៕



Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
សប្តាហ៍ថាមពលស្អាតកម្ពុជា៖ អំពាវនាវឱ្យ​មាន​សកម្មភា​ពលើ​អន្តរកាល​ថាមពលស្អាត | SBS Khmer