កម្ពុជាបន្តប្រតិកម្មនឹងការផ្សព្វផ្សាយ ពាក់ព័ន្ធគម្រោងព្រែកជីកតេជោហ្វូណន

Hun Manet.jpg

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត

បន្ទាប់ពីលោក ហ៊ុន សែន ជាឪពុក ពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ចេញប្រតិកម្មវិញម្តង ពាក់ព័ន្ធនឹងគម្រោងព្រែកជីកតេជោ ហ្វូណន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា គឺបង្កើតឡើង ដើម្បីទាញយកអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច កាត់បន្ថយចំណាយដឹកជញ្ជូន ហើយជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋប៉ុណ្ណោះ ហើយក៏មិនមានការប៉ះពាល់ដល់បរិស្ថានទន្លេមេគង្គនោះទេ។


ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ាណែត ក៏បានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា បង្កើតឡើង ដើម្បីបម្រើឱ្យវិស័យយោធារបស់ចិន។

លោក ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ដែលស្ថិតនៅស្រុកបាទី ខេត្តតាកែវ ជាប់ព្រំដែនវៀតណាម កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ( សំឡេង )

«ខ្ញុំសូមប្រាប់ ទី១៖ រដ្ឋធម្មនុញ្ញកម្ពុជា គ្មានឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត ហើយគ្មានភាពក្លាហាន ក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជានោះទេ ទី២៖ យើងមិនឱ្យប្រើប្រាស់ប្រទេសយើងជាមូលដ្ឋានប្រឆាំងនឹងប្រទេសណានោះទេ កុំថាដល់មូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗ ប្រឆាំងប្រទេសណាមួយក៏យើងមិនឱ្យនោះដែរ​។ ប្រទេសកម្ពុជា ប្រកាន់គោលនយោបាយចម្រុះពណ៌ មិនយកប្រទេសណាជាសត្រូវនោះទេ»។​

សូមរម្លឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីទន្លេបាសាក់ ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងព្រែកជីកនេះ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ដោយមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នា បានដោយសុវត្ថិភាព។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នាវា អាចដឹកទំនិញបាន ៣ពាន់តោន នៅរដូវប្រាំង និង៥ពាន់តោន នៅរដូវវស្សា ដែលផ្លូវទឹកនេះ នឹងអាចជួយសម្រួលការដឹកកុងតឺន័រផងដែរ ដោយនឹងជួយកាត់បន្ថយចម្ងាយ និងកាត់បន្ថយតម្លៃក្នុងការដឹកជញ្ជូន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងព្រែកជីក ១៨០គីឡូម៉ែត្រនេះ មិនមែនជីកថ្មីទាំងអស់ទេ ក្នុងនោះ ១៣៥គីឡូម៉ែត្រ ជាផ្លូវទឹកធម្មជាតិរួចទៅហើយ ដោយយើងគ្រាន់តែពង្រីកប៉ុណ្ណោះ។ ​ដូច្នេះ​តាម​លោក​ ​ហ៊ុន​ ​ម៉ា​ណែត ​គម្រោង​ព្រែក​ជីក​នេះ ​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន​​នោះ​ទេ​ ​គឺ​​វា​គ្រាន់​តែ​តាម​សណ្ត​​ព្រែក​​ចាស់​ប៉ុណ្ណោះ​​​។

សូមរម្លឹកថា វិទ្យាស្ថានស្រាវជ្រាវ ដែលគាំទ្រដោយរដ្ឋាភិបាលវៀតណាម បានផ្សព្វផ្សាយនូវការសិក្សាមួយថា គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា អាចជួយសម្រួលឱ្យមានវត្តមានយោធាចិន នៅក្នុងទឹកដីកម្ពុជា កាន់តែជ្រៅ។

ក្រុមអ្នកស្រាវជ្រាវវៀតណាម ក៏បានលើកឡើងថា គម្រោងព្រែកជីករបស់កម្ពុជានេះ នឹងបង្កផលប៉ះពាល់ខ្លាំងក្លាដល់ស្ថានភាពវិស័យការពារជាតិ និងសន្តិសុខនៃតំបន់ទាំងមូល ស្របពេលដែលចិន កំពុងអភិវឌ្ឍកំពង់ផែកងទ័ពជើងទឹករាម នៅកម្ពុជា ស្រាប់។

សូមរម្លឹកថា វៀតណាម គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន៤ ក្នុងតំបន់អាស៊ាន ដែលកំពុងមានជម្លោះ ដណ្ដើមអធិបតេយ្យលើប្រជុំកោះ នៅសមុទ្រចិនខាងត្បូង ជាមួយប្រទេសចិន។

ក៏ប៉ុន្តែពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជានេះ ត្រូវបានលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកសិក្សាស្រាវជ្រាវរបស់កម្ពុជា លើកឡើងថា បើនិយាយអំពីរឿងបរិស្ថាន វៀតណាមបានធ្វើឱ្យប៉ះពាល់បរិស្ថានធ្ងន់ធ្ងរណាស់ តែបែរជាមករិះគន់កម្ពុជា រឿងគម្រោងព្រែកជីកហ្វូណនតេជោ ថាប៉ះពាល់បរិស្ថានទៅវិញ។

លោកបណ្ឌិត សុខ ទូច បានបង្ហាញហេតុផល ៥ចំណុច ដែលអាមេរិក និងវៀតណាម មានប្រវត្តិ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានកម្ពុជា តំបន់ និងពិភពលោក។

លោក សុខ ទូច៖ ( សំឡេង )

លោកបានបញ្ជាក់ថា៖ «មានប្រទេសច្រើនណាស់ នៅខាងលើទន្លេមេគង្គ ដែលធ្វើវារីអគ្គិសនី តើអ្នកបានគិតទេ កម្ពុជាជីកព្រែកហ្វូណនតេជោមួយ មិនស្មើនឹងវារីអគ្គិសនីនៅខាងលើមួយទេ»។ លោកបន្តថា វៀតណាមក៏ត្រូវដឹងដែរថា វៀតណាមដឹកស្រូវនឹងទូក នៅវៀតណាមខាងត្បូង ដែលផ្លូវទឹកទាំងនោះបានមកពីការជីកព្រែក ដែលវៀតណាមបានធ្វើកន្លងទៅ តើវៀតណាមបានគិតទេ បើគិតលើចំណុចបរិស្ថាន?

ជាការកត់សម្គាល់ កាលពីថ្ងៃទី៩ ខែមេសា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់របស់ក្រុមអ្នកសិក្សាវៀតណាម។ លោក ហ៊ុន សែន បញ្ជាក់ថា គម្រោងព្រែកជីកថ្មីរបស់កម្ពុជានេះ ធ្វើឡើងដើម្បីផលប្រយោជន៍សេដ្ឋកិច្ចសង្គម សុទ្ធសាធ ហើយគ្មានការចាំបាច់ណា ដែលកម្ពុជា ត្រូវការកងទ័ពចិន មកឈរជើងក្នុងប្រទេសកម្ពុជានោះទេ។

លោក ហ៊ុន សែន បានចាត់ទុកការលើកឡើងរបស់វៀតណាម ថាជាការមួលបង្កាច់កម្ពុជា ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយ​។

គម្រោងព្រែកជីក តេជោ ហ្វូណន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន កាលពីឆ្នាំ២០២៣ បានសម្រេច អនុញ្ញាតឱ្យក្រុមហ៊ុនចិន វិនិយោគ សាងសង់ ក្រោមកិច្ចព្រមព្រៀង BOT គឺសាងសង់ ប្រតិបត្តិ និងផ្ទេរ ក្នុងរយៈពេល ៥០ឆ្នាំ។

កម្ពុជា ប្រកាសថា គម្រោងព្រែកជីកតេជោហ្វូណន មានតម្លៃ ១ពាន់ ៧រយលានដុល្លារអាមេរិកនេះ គ្រោងនឹងបើកការដ្ឋានសាងសង់ នៅចុងឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ នៅឆ្នាំ២០២៨៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service