កម្ពុជា ប្រកាសអនុវត្តកម្មវិធីជាតិជំនួយសង្គមថ្មីទៀត សម្រាប់ជួយដល់គ្រួសារប្រជាជនក្រីក្រ

Cambodia PM Hun Manet_2023-12-05.jpg

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ បានប្រកាសអនុវត្តកម្មវិធីជាតិជំនួយសង្គមថ្មី គឺគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំ ស្តីពី ក្របខ័ណ្ឌកិច្ចគំាពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន។ កម្មវិធីជាតិជំនួយសង្គម ជំនួយថ្មីនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវ សម្រាប់តម្រង់ទិសការអនុវត្តកម្មវិធី និងប្រព័ន្ធគាំពារសង្គម និងការត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋ ក្នុងគ្រាមានគ្រោះអាសន្ន។


កម្មវិធីជំនួយសង្គមថ្មីនេះ រាជរដ្ឋាភិបាល នឹងផ្តល់ប្រាក់ឧបត្ថម្ភ ជូនជនមានពិការភាព រួមទាំងឧបត្ថម្ភសាច់ប្រាក់ ជូនជនចាស់ជរា អាយុ ៦០ឆ្នាំឡើង។

បន្ថែមលើនេះ, កញ្ចប់គ្រួសារថ្មីនេះ ក៏មានការឧបត្ថម្ភ សម្រាប់គ្រួសារក្រីក្រទាំងអស់ និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាសមាជិកគ្រួសារក្រីក្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហានិភ័យ និងភាពងាយរងគ្រោះនានា។

កម្មវិធីជំនួយសង្គមនេះ នឹងចាប់អនុវត្តពីខែមេសា ឆ្នាំ២០២៤ តទៅ បន្ទាប់ពី «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ត្រូវបិទបញ្ចប់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ ( សំឡេង )

សូមរំលឹកថា ក្នុងពេលឆ្លងរាតត្បាតជំងឺកូវីដ-១៩ និងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ថវិកាប្រមាណ ១.៣៥៥ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១, ៦០១ លានដុល្លារ ក្នុងឆ្នាំ២០២២ និងគិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ប្រមាណជាង ១.២០០ លានដុល្លារ សម្រាប់ការអនុវត្តវិធានការអន្តរាគមន៍ ក្នុងការដោះស្រាយផលប៉ះពាល់ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ជាពិសេសលើកម្មវិធីប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារ, ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, កម្មវិធីសាច់ប្រាក់ពលកម្ម, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ និង ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ជាដើម។

ដោយឡែក នៅឆ្នាំ២០២៤ ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយ ១៦៥លានដុល្លារអាមេរិក ជួយប្រជាពលរដ្ឋក្រីក្រ ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២លាន ៨សែននាក់៕



Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
កម្ពុជា ប្រកាសអនុវត្តកម្មវិធីជាតិជំនួយសង្គមថ្មីទៀត សម្រាប់ជួយដល់គ្រួសារប្រជាជនក្រីក្រ | SBS Khmer