នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសការពារជាថ្មីចំពោះគម្រោងព្រែកជីក ហ្វូណនតេជោ

Funan Canel singing ceremony.jpg

ក្នុងពិធីជួបសំណេះសំណាល និងត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះថ្មីអន្តរជាតិតេជោ នៅខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១២ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសការពារជាថ្មីម្តងទៀត ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា ដែលជាការភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកសាប ទៅសមុទ្រ ចេញពីភ្នំពេញ កាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។


លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាមរតករបស់ឪពុកលោក គឺរាជរដ្ឋាភិបាលកម្ពុជា មិនមែនខ្ចីប្រាក់ពីបរទេស មកធ្វើការអភិវឌ្ឍនោះទេ។ តែជាគម្រោង តាមរយៈ BOT របស់ក្រុមហ៊ុនឯកជន គឺសាង ប្រតិបត្តិការ និងផ្ទេរ ( Build Operate and Transfer ) ហើយព្រែកជីក ដែលភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីភ្នំពេញ ទៅកាន់សមុទ្រនេះ នឹងផ្តល់ផលប្រយោជន៍ ដល់សេដ្ឋកិច្ចជាតិ។

លោក ហ៊ុន ម៉ាណែត៖ ( សំឡេង )

គួរបញ្ជាក់ថា គម្រោងផ្លូវទឹកព្រែកជីកហ្វូណន-តេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ឆ្លងកាត់ ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ក្នុងខេត្តកែប។

គម្រោងព្រែកជីកហ្វូណនតេជោនេះ ត្រូវបានប្រកាសកាលពីឆ្នាំ២០២៣ ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ឱ្យក្រុមហ៊ុនចិន វិនិយោគ ក្នុងទំហំទឹកប្រាក់ ២ពាន់លានដុល្លារអាមេរិក។

ប៉ុន្តែប្រទេសជិតខាងកម្ពុជា មានវៀតណាម និងថៃ រួមទាំងសហរដ្ឋអាមេរិកផង បានធ្វើយុទ្ធនាការប្រឆាំងជំទាស់ ដោយលើកហេតុផលពីការប៉ះពាល់បរិស្ថាន និងការផលប៉ះពាល់ដល់ទឹកទន្លេមេគង្គ ជាដើម។

តែក្រុមប្រទេស ដែលជំទាស់នឹងផែនការជីកព្រែករបស់កម្ពុជានេះ អាចបារម្ភថា ព្រែកជីកភ្ជាប់ការដឹកជញ្ជូនពីផ្លូវទឹក ទៅសមុទ្រនេះ ចិននឹងប្រើប្រាស់ សម្រាប់ផលប្រយោជន៍យោធា ដូចអ្វីដែលសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តមួយចំនួនទៀត តែងតែជំទាស់នឹងការអភិវឌ្ឍន៍កំពង់ផែកងទ័ពជើងទឹកកម្ពុជា នៅសមុទ្ររាម ដូច្នោះដែរ។

ម្យ៉ាងទៀត ការដឹកជញ្ជូនទំនិញរបស់កម្ពុជា តាមផ្លូវសមុទ្រទឹកជ្រៅ ដែលមាននាវាដឹកទំនិញធំៗ គឺត្រូវចូលចតនៅកំពង់ផែ ក្នុងប្រទេសវៀតណាម រួចទើបរើទំនិញ ចូលនាវាតូចៗ ឬក៏ដឹកតាមផ្លូវគោក ចូលមកកម្ពុជា។ ដូច្នេះមន្ត្រីជាន់ខ្ពស់កម្ពុជា លើកឡើងថា បើកម្ពុជាមានផ្លូវទឹក តាមរយៈព្រែកជីកហ្វូណន និងអភិវឌ្ឍកំពង់ផែទឹកជ្រៅ នៅសមុទ្របាន នាពេលខាងមុខ នោះកម្ពុជានឹងលែងពឹងអុកស៊ីហ្សែនគេរស់ គឺលែងដឹកទំនិញឆ្លងកាត់ប្រទេសវៀតណាម ពីសមុទ្រ មកភ្នំពេញ ឬក៏ពីភ្នំពេញ ទៅសមុទ្រ តាមវៀតណាមទៀតហើយ។ អាចមកពីមូលហេតុនេះផង ដែលវៀតណាម ហើយពេលនេះ អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានប្រឆាំងជំទាស់នឹងគម្រោងអភិវឌ្ឍផ្លូវទឹក ដែលស្ថិតនៅទាំងស្រុង ក្នុងទឹកដីកម្ពុជាយើង នាពេលនេះ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសការពារជាថ្មីចំពោះគម្រោងព្រែកជីក ហ្វូណនតេជោ | SBS Khmer