មេបក្ស​នយោបាយ​ម្នាក់​ដែល​បំបែកខ្លួន​ចេញ​ពី​បក្ស​ភ្លើង​ទៀន ត្រូវ​បាន​ចាប់​ខ្លួន

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ.jpg

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានប៉ូលិស ចាប់ខ្លួន តាមដីការបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ម៉ោង ៩ ម៉ោងនៅកម្ពុជា នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការចាប់ខ្លួនមេបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ដែលបានបំបែកខ្លួន ចេញពីបក្សភ្លើងទៀន នៅពេលវិលត្រឡប់មកពីប្រទេសជប៉ុននេះ បានធ្វើឡើង ក្រោយពីលោក បានថ្លែងប្រាប់សកម្មជនគណបក្សរបស់លោក នៅប្រទេសជប៉ុន ដោយវាយប្រហារ លើរាជរដ្ឋាភិបាល។


ចំពោះការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេតករណីបទល្មើសជាក់ស្តែងលើឈ្មោះ ស៊ុន ចន្ធី ភេទប្រុស អាយុ ៤៤ឆ្នាំ ជាប្រធានគណបក្សកម្លាំងជាតិ ដែលបានធ្វើសកម្មភាព កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ចុះជួបជាមួយសមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្ស នៅខេត្តអ៊ីបារ៉ាគិ ប្រទេសជប៉ុន ហើយបានបង្ហោះផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្ត ចំពោះរាជរដ្ឋាភិបាលលើការចែកបណ្ណក្រីក្រ ថាមានការរើសអើង និងមានភាពលម្អៀង ជូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានមួលបង្កាច់ អំពីការអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

សេចក្តីប្រកាស បន្តថា ដោយពិនិត្យឃើញថា សកម្មភាពរបស់ជនសង្ស័យ ស្ថិតក្នុងបទល្មើសជាក់ស្តែង និងតាមលទ្ធផលនៃការស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងអយ្យការ បានចេញដីកាបញ្ជាឱ្យចូលខ្លួន ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បង្គាប់ឱ្យនាំខ្លួនឈ្មោះ ស៊ុន ចន្ធី ភេទប្រុស អាយុ ៤៤ឆ្នាំ ឱ្យមកបង្ហាញខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សេចក្តីប្រកាស បន្តថា នៅម៉ោង ៩ព្រឹក ថ្ងៃទី៩ឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនខាងលើ ដោយបានចាប់ខ្លួនឈ្មោះ ស៊ុន ចន្ធី ភេទប្រុស អាយុ ៤៤ឆ្នាំ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។

សេចក្តីប្រកាស ក៏បានបញ្ជាក់ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តចាត់ការសំណុំរឿងនេះ ដោយត្រឹមត្រូវ និងម៉ឺងម៉ាត់ស្របតាមនីតិវិធី និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានលោក ជា មុនី អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សកម្លាំងជាតិ ដែលបានរួមដំណើរជាមួយលោក ស៊ុន ចន្ធី ទៅប្រទេសជប៉ុន បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI ថា ការចាប់ប្រធានគណបក្សកម្លាំងជាតិរូបនេះ មានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាង។

លោក ជា មុនី៖ ( សំឡេង )

ចំណែកលោក ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បញ្ជាក់យ៉ាងដូច្នេះថា៖

( សំឡេង )

ចំពោះខ្លីបវិដេអូរបស់លោក ស៊ុន ចន្ធី ដែលបានជួបក្រុមការងារគណបក្សកម្លាំងជាតិ នៅប្រទេសជប៉ុន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាកម្មវត្ថុនៃការចាប់ខ្លួននេះ ត្រូវបានលោក ស៊ុន ចន្ធី លុបចេញពីហ្វេសប៊ុកផ្លូវការរបស់លោកហើយ គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។

ក៏ប៉ុន្តែលោក ស៊ុន ចន្ធី បានបង្ហោះខ្លីបវិដេអូខ្លី ដែលលោកថ្លែងទៅកាន់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សកម្លាំងជាតិ នៅប្រទេសជប៉ុន កាលពីថ្ងៃទី៤ឧសភា ឆ្នាំ២០២៤ ដោយវាយប្រហារលើគណបក្សភ្លើងទៀន។ នោះគឺលោកថា តាមសំឡេងឆ្នោត ដែលជាក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបោះឆ្នោតព្រឹទ្ធសភា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ នេះ គឺនៅព្រឹទ្ធសភា គណបក្សភ្លើងទៀន ត្រូវទទួលបាន ៩កៅអី។ តែលោកថា ដោយសារតែគណបក្សភ្លើងទៀន ដែលជាអតីតគណបក្សប្រឆាំងសមរង្ស៊ី បានអំពាវនាវឱ្យបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរ ទើបគណបក្សភ្លើងទៀន នៅសល់តែ ៣កៅអី នៅព្រឹទ្ធសភា ពេលនេះ។

ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកតាមដានសង្គមនយោបាយកម្ពុជា មើលឃើញថា គណបក្សកម្លាំងជាតិ របស់លោក ស៊ុន ចន្ធី ត្រូវបានបង្កើតឡើង ដើម្បីប្រជែង និងដណ្តើមសំឡេងឆ្នោតរបស់គណបក្សប្រឆាំងប៉ុណ្ណោះ។ ដោយសារតែគណបក្សភ្លើងទៀន មិនអាចចុះឈ្មោះចូលរួមការបោះឆ្នោតបាន ទើបក្រុមមេដឹកនាំគណបក្សប្រឆាំងនេះ បានទៅចូលរួមក្នុងគណបក្សថ្មីមួយទៀត ឈ្មោះគណបក្សឆន្ទៈខ្មែរ ដែលតំណាងឱ្យគណបក្សភ្លើងទៀន។ លោក ស៊ុន ចន្ធី ជាអតីតជំនួយការផ្ទាល់របស់លោកសមរង្ស៊ី ក្រោយមក ក៏ស្ថិតក្នុងជួរថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានប្តូរឈ្មោះ មកពីគណបក្សសមរង្ស៊ី ផងដែរ។ តែនៅមុខការបោះឆ្នោតព្រឹទ្ធសភា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ លោក ស៊ុន ចន្ធី បានទៅបង្កើតគណបក្សថ្មីមួយ ឈ្មោះថា គណបក្សកម្លាំងជាតិ។ ក្រោយមក លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀន និងលោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករ ក៏បានចេញពីគណបក្សភ្លើងទៀន ទៅចូលរួមធ្វើនយោបាយជាមួយលោកស៊ុនចន្ធី នៅក្នុងគណបក្សកម្លាំងជាតិ បន្តដល់សព្វថ្ងៃ។

នៅក្នុងការបោះឆ្នោតអសកល ជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ គណបក្សកម្លាំងជាតិរបស់លោក ស៊ុន ចន្ធី ក៏បានចុះឈ្មោះ ចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះ ដោយបន្តប្រជែង និងដណ្តើមសំឡេងឆ្នោតជាមួយគណបក្សឆន្ទៈខ្មែរ តាមរយៈអ្នកបោះឆ្នោត ដែលជាសមាជិក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀន ដូចការបោះឆ្នោតព្រឹទ្ធសភា កាលពីខែកុម្ភៈកន្លងមកនេះ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service