គជប ត្រួតពនិត្យលើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធិសភា

NEC.jpg

គ.ជ.ប ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ លើលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺបន្ទាប់ពីការបោះឆ្នោត បាន ២ថ្ងៃ គ.ជ.ប បានបើកការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនូវលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រួចមក គ.ជ.ប បានប្រកាសថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺមានភាពត្រឹមត្រូវ។


គ.ជ.ប បានប្រកាសនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈថា ដំណើរការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ បានប្រព្រឹត្តទៅ នៅទីស្តីការគជប ដោយមានការចូលរួមសង្កេតមើល និងយកព័ត៌មានពីតំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាច្រើនរូប។

សេចក្តីប្រកាស បន្តថា ក្រុមត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតនៃគជប ដែលបែងចែកជា ៣ក្រុម បានត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមភូមិភាគនីមួយៗ ដោយឡែកពីគ្នាយ៉ាងល្អិតល្អន់ តាមប្រមាណវិធីដោយដៃ និងកម្មវិធីត្រួតពិនិត្យ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលភូមិភាគ។

ជាលទ្ធផល គ.ជ.ប បានបញ្ជាក់ថា ក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការខេត្តរាជធានី រៀបចំការបោះឆ្នោត ទាំង ២៥ បានបញ្ជាក់ក្នុងតារាងបូកសរុបលទ្ធផលនៃការបោះឆ្នោត ក្នុងរាជធានីខេត្ត ទម្រង់ ១១១០ កំណត់ហេតុបូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានីខេត្ត ទម្រង់១១១១ និងក្រដាសលទ្ធផលនៃការបោះឆ្នោត ក្នុងរាជធានី ខេត្ត ទម្រង់ ១១១៤ ឡើយ។

លោក តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស របស់គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះ ក្រោយពីមន្ត្រីជំនាញគ.ជ.ប បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា។

( សំឡេង )

ជាមួយគ្នានេះ គ.ជ.ប បានប្រកាសថា គ.ជ.ប នឹងប្រកាសផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងនោះ លទ្ធផលបឋម ក្រោយការបោះឆ្នោតព្រឹទ្ធសភា ដែលបានបិទបញ្ចប់កាលពីល្ងាចថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១០០៥២សំឡេង និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេង។

តាមរយៈសំឡេងឆ្នោតនេះ លទ្ធផលបឋមក្រៅផ្លូវការ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ ក្នុងចំណោម ៥៨អាសនៈ ដែលត្រូវបានដាក់ឱ្យបោះឆ្នោត គ្រាដែលគណបក្ស ២ផ្សេងទៀត គឺគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ទទួលបានសំឡេង មិនគ្រប់គ្រាន់ ដើម្បីទទួលបានអាសនៈនោះឡើយ។

គ.ជ.ប បានប្រកាសថា ការបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានអ្នកទៅបោះឆ្នោតសរុបចំនួន ១១៧៣០រូប ក្នុងចំណោមអ្នកបោះឆ្នោតសរុប ១១៧៤៧រូប ដែលជាអ្នកតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែង។

គួរកត់សម្គាល់ថា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ គឺពឹងផ្អែកលើសំឡេងឆ្នោតរបស់គណបក្សភ្លើងទៀន ដែលមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សរុបជាង ២០០០នាក់។ គណបក្សភ្លើងទៀន មិនអាចចុះឈ្មោះ ចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភានេះបានទេ ហើយគណបក្សភ្លើងទៀន បានប្រកាសឈរឈ្មោះក្នុងគណបក្សឆន្ទៈខ្មែរ ខណៈដែលគណបក្សកម្លាំងជាតិ បានបំបែកចេញពីគណបក្សភ្លើងទៀន ហើយអូសទាញសំឡេងឆ្នោតពីក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀនដែរ។

ចំណែកគណបក្សប្រជាជនកម្ពុជា ដែលមានអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្ត្រ តែជាង ៩ពាន់នាក់ នៅពេលបោះឆ្នោតព្រឹទ្ធសភានេះ បែរជាទទួលបានសំឡេងឆ្នោតកើនឡើង រហូតដល់ជាង ១ម៉ឺននាក់។

ការបោះឆ្នោតព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល ដែលមានតែសមាជិករដ្ឋសភា ជាអ្នកតំណាងរាស្ត្រ ១២៥រូប និងក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន ១១៦២២រូប ជាអ្នកបោះឆ្នោតប៉ុណ្ណោះ។ ក្នុងចំណោមតំណាងរាស្ត្រ ១២៥រូប គឺមាន ១២០រូប មកពីគណបក្សប្រជាជនកម្ពុជា និង៥រូប មកពីគណបក្សហ៊្វុនស៊ិនប៉ិច៕




Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service