កម្ពុជាបញ្ជាក់ជំហរជាថ្មីចំពោះបញ្ហាតៃវ៉ាន់ គឺការប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ

taiwan

taiwan Source: SBS

ជាថ្មីម្តងទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានចេញផ្សាយនូវសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ និងអង់គ្លេស ពាក់ព័ន្ធការវិវឌ្ឍថ្មីៗ នៅតៃវ៉ាន់។ នោះគឺកម្ពុជា ប្រកាសជំហរ ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ ដោយទទួលស្គាល់ថា រដ្ឋាភិបាលចិនកុម្មុនីស្ត ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល។


សេចក្តីថ្លែងការណ៍ ចេញផ្សាយនៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រសួងការបរទេសកម្ពុជា លើកឡើងថា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ស្តីពី ការវិវឌ្ឍថ្មីៗ នៅតៃវ៉ាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបញ្ជាក់ជាថ្មីថា «ជំហរកម្ពុជាចំពោះបញ្ហាតៃវ៉ាន់ គឺមានសង្គតិភាព។ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ ដោយទទួលស្គាល់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាល ស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ ជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ ចេញពីទឹកដីរបស់ចិន។ ក្នុងន័យនេះ កម្ពុជា ប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់។ កម្ពុជាប្រកាសគាំទ្រយ៉ាងមុតមាំរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយ ជាមួយតៃវ៉ាន់នោះទេ»។

សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាខាងលើនេះ បានធ្វើឡើង ១ថ្ងៃ ក្រោយពីប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) នៅថ្ងៃស្បថចូលកាន់តំណែង ជាប្រធានាធិបតីតៃវ៉ាន់ កាលពីថ្ងៃទី២០ ខែឧសភា បានប្រកាស សារនយោបាយ១ សម្រាប់ប្រទេសចិន។ លោក ឡៃ ឈីងតេ បានអំពាវនាវឲ្យប្រទេសចិន បញ្ឈប់ការគំរាមកំហែងទៅលើកោះតៃវ៉ាន់ ទាំងផ្នែកយោធា និងទាំងនយោបាយ។ លោកយល់ថា មានតែសន្តិភាពប៉ុណ្ណោះ ដែលជាជម្រើសល្អបំផុត ហើយប្រទេសចិន ត្រូវតែគោរពឆន្ទៈរបស់ប្រជាជនតៃវ៉ាន់។

អ្នកតាមដាននយោបាយអន្តរជាតិ បានលើកឡើងថា លោក ឡៃ ឈីងតេ ហាក់ដូចជាបន្ទន់ឥរិយាបថរបស់លោកបន្តិច ចំពោះប្រទេសចិន ហើយមិនបានប្រើប្រាស់ភាសាមុតស្រួច ឬប្រឆាំងខ្លាំងពេកទេ។

លោកប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ បានបញ្ជាក់ម្ដងហើយម្ដងទៀតថា លោកគាំទ្រការចរចាគ្នាជាមួយប្រទេសចិន ទោះបីចិនសម្រួចមាត់ថា ត្រូវតែយកកោះតៃវ៉ាន់ មកគ្រប់គ្រងឲ្យបានដោយសន្តិវិធី ឬដោយកម្លាំងយោធាយ៉ាងណាក្ដី។

លោក ឡៃ ឈីងតេ យល់ថា ប្រទេសចិន គួរតែចាប់ដៃគ្នាជាមួយកោះតៃវ៉ាន់ ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់។ លោកថា មានតែវិធីនេះ តែមួយគត់ ទើបអាចធានាថា ពិភពលោកគ្មានសង្គ្រាម កើតឡើង។

លោកក៏បានបញ្ជាក់ឡើងវិញថា រដ្ឋាភិបាលតៃវ៉ាន់ ប្រកាន់គោលជំហរបែបនេះ មិនមែនមានន័យថា តៃវ៉ាន់ធ្វើសម្បទាននយោបាយ ឬធ្វើឲ្យចុះខ្សោយប្រព័ន្ធប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាជនតៃវ៉ាន់នោះឡើយ។ លោកសូមបញ្ជាក់ឡើងវិញថា សន្តិភាពជាជម្រើសតែ១គត់ ដែលយើងត្រូវប្រកាន់យក។ ចំណែកវិបុលភាពជាគោលដៅដ៏ធំរបស់យើង ដើម្បីធានាសន្តិភាព និងស្ថិរភាពរយៈពេលយូរអង្វែងតទៅមុខទៀត។

ប្រទេសចិន មិនទាន់បញ្ចេញប្រតិកម្មនៅឡើយទេ ចំពោះសុន្ទរកថានេះ។ ប៉ុន្តែរដ្ឋាភិបាលចិន ធ្លាប់បានប្រកាសជាច្រើនដងហើយថា លោកឡៃឈីងតេ ជាជនបំបែកខ្លួន ដែលចូលចិត្តបង្កសង្គ្រាម៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
កម្ពុជាបញ្ជាក់ជំហរជាថ្មីចំពោះបញ្ហាតៃវ៉ាន់ គឺការប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ | SBS Khmer