មានបាតុកម្មប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត​នៅ​ប្រទេស​ជប៉ុន

Cambodia PM Hun Manet and Japanese PM Fumio Kishida - STPM.jpg

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា

អំឡុងពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នេះ គឺមានពលរដ្ឋខ្មែរមួយចំនួន ដែលគេចាត់ទុកថា ជាក្រុមប្រឆាំង បានប្រមូលផ្តុំ តវ៉ានឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលរបស់លោក។ប៉ុន្តែចំនួនអ្នកប្រឆាំងតវ៉ាទាំងនោះ ត្រូវបានគេអះអាងថា មានចំនួនតិចជាងចំនួនប្រជាពលរដ្ឋខ្មែរ ដែលជាក្រុមអ្នកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងបានចូលរួមពិធីសំណេះសំណាលជាមួយលោក ហ៊ុន ម៉ាណែត អំឡុងពេលដំណើរទស្សនកិច្ច នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពេលនេះ។


ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់ពីប្រទេសជប៉ុន មកដល់ភ្នំពេញ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ លោក សូ ណារ៉ូ និងលោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានភារកិច្ច ធ្វើសន្និសីទកាសែត បង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ប្រាប់ទៅក្រុមអ្នកកាសែត។

ក្នុងសន្និសីទកាសែត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ លោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឆ្លើយនឹងសំណួរអ្នកកាសែតពីបាតុកម្មតវ៉ាប្រឆាំង នៅជប៉ុន ថា តាមរយៈរូបថត គឺយើងឃើញថា ចំនួនអ្នកតវ៉ាប្រឆាំងនេះ មានប្រមាណតែ ១០០នាក់ទេ ហើយអ្នកមកគាំទ្រលោក ហ៊ុន ម៉ាណែត គឺមានច្រើនជាង រហូតដល់ប្រមាណ ២ពាន់នាក់។

( សំឡេង )

លោក សូ ណារ៉ូ បានលើកឡើងថា ក្រុម​អ្នកតវ៉ាប្រឆាំង ដែលធ្វើបាតុកម្ម នៅជប៉ុននេះ បរាជ័យ ៣យ៉ាង​ គឺទី១-លើប្រធានបទ​ គេលើកឡើងថា មិនទទួលស្គាល់រដ្ឋាភិបាល​កម្ពុជា ដែលពួកគេថា ជារដ្ឋាភិបាលខុសច្បាប់។ ទី២-ទាមទារកុំឱ្យជប៉ុន ទទួលស្គាល់​រាជរដ្ឋាភិបាល​កម្ពុជា និងទី៣- មិនឱ្យជប៉ុន ទទួលស្គាល់​សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា។

ប៉ុន្តែលោក សូ ណារ៉ូ បន្តថា ពួកគេភ្លេចថា ការបោះឆ្នោតនៅកម្ពុជា កាលពី​ថ្ងៃទី២៣កក្កដា ឆ្នាំ២០២៣ គឺមានប្រជាពលរដ្ឋ ៨២,៣% បានបោះឆ្នោតឱ្យគណបក្ស​ប្រជាជនកម្ពុជា។ និយាយឱ្យ​ស្រួលយល់ ក្នុងចំណោម ១០០០នាក់ បានបោះឆ្នោតឱ្យ​គណបក្ស​ប្រជាជនកម្ពុជា ៨២៣​នាក់ហើយ​។ ដូច្នេះនៅសល់តែ ១៧,៧%ទេ ដែលមិនបោះឆ្នោតឱ្យ​គណបក្ស​ប្រជាជនកម្ពុជា។ តែក្នុង ១៧,៧% នេះ គឺពាក់កណ្តាលជាងហើយ បានបោះឆ្នោត​គាំទ្រគណបក្ស​ហ៊្វុនស៊ិនប៉ិច​។ ដូច្នេះក្រុមប្រឆាំង មានប្រមាណតែ ៧០ម៉ឺននាក់ប៉ុណ្ណឹងទេ​។

លោក សូ ណារ៉ូ ដែលជាអតីត​អ្នកប្រឆាំង​មួយរូប នៅអាមេរិក ក៏បានលើកឡើងបន្តថា ប្រធានទី១ ដែលប្រកាសថា ពួកគេមិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជា គឺមិនមានអ្វីថ្មីទេ​ ព្រោះពួកគេ មិនដែលគាំទ្រគណបក្ស​ប្រជាជនកម្ពុជាឡើយ​ កន្លងមក។ តែការទាមទារឱ្យជប៉ុន កុំទទួលស្គាល់​រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាបរាជ័យ​ និងជាការយល់ខុសរបស់ក្រុមប្រឆាំង​។ ព្រោះថា នៅពេលសម្តេចធិបតី ទៅដល់ជប៉ុន គឺសម្តេច ចុះពីយន្តហោះ ដើរលើកម្រាលព្រំពណ៌ក្រហម ដែលជប៉ុន រៀបចំ​ទទួលស្វាគមន៍​។ នៅក្នុងកិច្ចប្រជុំអាស៊ាន-ជប៉ុនវិញ ក៏សម្តេចធិបតី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី​នាយករដ្ឋមន្ត្រីជប៉ុន ហើយ​ចូលរួម ​ដោយស្មើមុខស្មើមាត់ ​ជាមួយ​មេដឹកនាំជប៉ុន និងអាស៊ាន​ដទៃទៀត។​

លោក សូ ណារ៉ូ បញ្ជាក់ថា «បើសិនជារបបមួយមិនស្របច្បាប់ ជប៉ុនក៏មិនអញ្ជើញដែរ។ ជប៉ុន​ ទុកកៅអីមេដឹកនាំអាស៊ាន ១ នៅទំនេរ ( មីយ៉ាន់ម៉ា )។ ដូច្នេះ​បើរាជរដ្ឋាភិបាល​កម្ពុជា មិនស្របច្បាប់ ក៏ជប៉ុន មិនអញ្ជើញ​ឱ្យទៅចូលរួមទេ ហើយនឹងទុកកៅអី ទំនេរ ដូចប្រទេសអាស៊ាន ១ នោះដែរ​»។

ជាមួយគ្នានេះ លោក សូ ណារ៉ូ ក៏បានបន្ថែមថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីជប៉ុន បានជួបចរចាទ្វេភាគី ទល់មុខគ្នា ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ហើយជប៉ុនមានអ្វី កម្ពុជាក៏មាននោះ គឺស្មើភាព និងស្មើសិទ្ធិគ្នាទៀត។ ដូច្នេះនេះគឺជាការទទួលស្គាល់ ( រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា ) តាមកម្រិតខ្ពស់បំផុតមួយ ដែលនាយករដ្ឋមន្ត្រី តំណាងរដ្ឋាភិបាលជប៉ុន។

លោក សូ ណារ៉ូ ក៏បានបញ្ជាក់បន្ថែមថា នៅប្រទេសជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចូលគាល់ព្រះចៅអធិរាជជប៉ុន ដែលជាប្រមុខរដ្ឋជប៉ុនថែមទៀត។ នេះគឺជាការទទួលស្គាល់របស់ជប៉ុន មិនត្រឹមតែកម្រិតរដ្ឋាភិបាលទេ គឺដល់ប្រមុខរដ្ឋជប៉ុនថែមទៀត។

ចំពោះបរាជ័យរបស់ក្រុមប្រឆាំង ក្នុងការប្រមូលតវ៉ា ដែលមានចំនួនតិចទៅៗនេះ ត្រូវបានលោក សូ ណារ៉ូ លើកឡើងថា ដោយសារតែប្រជាពលរដ្ឋ បាត់បង់ជំនឿលើពួកគេ ដែលពួកគេធ្វើនយោបាយផ្សងព្រេង និងធ្វើនយោបាយជ្រុលនិយម។ ក្នុងនោះ មេដឹកនាំជ្រុលនិយម ដែលដឹកនាំធ្វើបាតុកម្ម នៅជប៉ុន ពេលនេះ មានសាលក្រម ២ ដែលត្រូវបានតុលាការ ផ្តន្ទាទោស កាលពីឆ្នាំ២០២២ គឺជាប់ទោសពីបទជេរប្រមាថព្រះមហាក្សត្រ ដែលតុលាការ សម្រេចផ្តន្ទាទោស ៣ឆ្នាំ និងទី២ ការញុះញង់ ក្នុងចលនា ៩វិច្ឆិកា ឱ្យកងកម្លាំងបែរកាណុង និងចាប់សម្តេច ហ៊ុន សែន។ ករណីនេះ សូម្បីនៅអាមេរិក ក៏គេតាមចាប់ដល់ផ្ទះដែរ បើសិនជាអំពាវនាវឱ្យផ្តួលរំលំ ចូបៃដិន។

លោក សូ ណារ៉ូ ក៏បានអំពាវនាវដល់បងប្អូនខ្មែរមួយចំនួន កុំឱ្យពាក់ព័ន្ធនឹងជនជ្រុលនិយមនេះ ដើម្បីកុំឱ្យមានទោស ដោយសារតែជនជ្រុលនិយមនោះ ពេលនេះ គឺជាទណ្ឌិត ពាក់ព័ន្ធសំណុំរឿង នៅតុលាការ។ ពេលនេះ គាត់មានសំណាង ដោយសារតែកម្ពុជា-ជប៉ុន មិនទាន់មានកិច្ចព្រមព្រៀងបច្ចាប័ន ក្នុងការដោះដូរអ្នកទោស។ ដូច្នេះជនជ្រុលនិយមនោះ មិនត្រូវបានចាប់ខ្លួន នៅទឹកដីជប៉ុន ដើម្បីបញ្ជូនមកកម្ពុជានោះទេ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
មានបាតុកម្មប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត​នៅ​ប្រទេស​ជប៉ុន | SBS Khmer