ចិនសន្យា​ពង្រឹងកិច្ច​សហប្រតិបត្តិការជាមួយ​រដ្ឋាភិបាល​ថ្មីរបស់​កម្ពុជា

Director of Office of Feorign Affairs Commisiion Wang Yi and CPP leader Hun Sen.jpg

លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និង លោក ហ៊ុន សែន ប្រធានព្រឹទ្ធិសភាកម្ពុជា

ដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ៣ថ្ងៃ របស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានបិទបញ្ចប់ហើយ កាលពីថ្ងៃទី២៣ ខែមេសា។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ ភាគីចិន បានប្រកាសគាំទ្រ ចំពោះជម្រើសរបស់កម្ពុជាលើមាគ៌ាអភិវឌ្ឍន៍ប្រទេស ស្របនឹងលក្ខខណ្ឌជាតិ។ ចិន ក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យភាពជាតិ, សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីផ្នែកខាងក្រៅ ក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។


សេចក្តីប្រកាសព័ត៌មានរួម បន្តថា ភាគីកម្ពុជាវិញ ក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថា សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ គឺជាផ្នែកមិនអាចកាត់ផ្ដាច់បានពីទឹកដីរបស់ប្រទេសចិន។ ជាមួយគ្នានេះ កម្ពុជា ក៏បានបន្តប្រកាសប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហានានារបស់តៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន,ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់, គាំទ្រយ៉ាងមុតមាំលើរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនដើម្បីសម្រេចនូវការបង្រួបបង្រួមជាតិ។ កម្ពុជាក៏បានប្រកាស មិនបង្កើតទំនាក់ទំនងផ្លូវការណាមួយ ជាមួយតៃវ៉ាន់នោះទេ។

ចំណែកនៅក្នុងកិច្ចប្រជុំជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី២២មេសា លោក វ៉ាង យី ក៏ត្រូវបានគេស្រង់សម្តីមកផ្សព្វផ្សាយនៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន ថា «ថ្នាក់ដឹកនាំចិន មានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា។ លោក វ៉ាង យី ក៏បានមានប្រសាសន៍បញ្ជាក់ថា ការផ្លាស់ប្ដូរពីជំនាន់ចាស់ មកជំនាន់ថ្មីនេះ គឺបានដើរលើមាគ៌ាដ៏ត្រឹមត្រូវ ហើយលោក វ៉ាង យី ប្រមុខការទូតចិន សង្ឃឹមថា មិត្តភាពរវាងកម្ពុជា និងចិន និងកាន់តែបន្តរីកចម្រើន ហើយចិននៅតែជាដៃគូដ៏គួរឲ្យទុកចិត្តរបស់កម្ពុជា»។

ប្រមុខការទូតចិន លោក វ៉ាង យី បានសន្យាថា ចិន នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មីរបស់កម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសលោក ហ៊ុន សែន ព្រមទាំងគាំទ្រការពារសន្តិសុខជូនលោក ហ៊ុន សែន និងក្រុមគ្រួសារ និងយកចិត្តទុកដាក់រវាងបក្សទាំងពីរ ដើម្បីរួមចំណែក ក្នុងការផ្លាស់ប្ដូរព័ត៌មាន ប្រឆាំងដាច់ខាតការធ្វើបដិវត្តន៍ពណ៌ ខិតខំអភិវឌ្ឍន៍ ជាពិសេសអ្វីដែលមានការព្រមព្រៀងគ្នាពីមុនមក ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរឹងមាំនិងរីកចម្រើនបន្ថែមទៀត។

នៅថ្ងៃទី២៣មេសា នៅពេលប្រមុខការទូតមហាយក្សចិន បញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា កម្ពុជាក៏បានទទួលដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសូលីត។ ឡាវ នៅឆ្នាំ២០២៤ នេះ ត្រូវធ្វើជាប្រធានអាស៊ាន។

ក្នុងកិច្ចប្រជុំជាមួយលោក ហ៊ុន សែន នៅថ្ងៃទី២៣មេសា លោក ហ៊ុន សែន ក៏បានស្នើសុំឲ្យប្រធានរដ្ឋឡាវ គាំទ្រនូវគម្រោង ព្រែកជីកហ្វូណន របស់កម្ពុជា ពីព្រោះព្រែកជីកនេះ គឺមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ តែព្រែកជីកនេះ គឺជាការតភ្ជាប់រវាងទន្លេបាសាក់ ដើម្បីទៅកាន់សមុទ្រកម្ពុជា ហើយប្រធានរដ្ឋឡាវ បានគាំទ្រចំពោះគម្រោងនេះផងដែរ។

នៅថ្ងៃទី២៤មេសានេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សបដិវត្តន៍ប្រជាជនឡាវ ដែលជាគណបក្សដឹកនាំប្រទេសកម្ពុជា និងប្រទេសឡាវ ត្រូវបើកកិច្ចប្រជុំរួមគ្នាផងដែរ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
ចិនសន្យា​ពង្រឹងកិច្ច​សហប្រតិបត្តិការជាមួយ​រដ្ឋាភិបាល​ថ្មីរបស់​កម្ពុជា | SBS Khmer