ចិនបញ្ជូននាវា២គ្រឿង ចូលចតនៅ​កំពង់ផែរាម ក្នុងទឹកដីកម្ពុជា

cambodia-ream-naval-base-1280x720_veyr.jpg

កំពង់ផែរាម ដែលជាមូលដ្ឋានកងទ័ពជើងទឹករបស់កម្ពុជា។

កងទ័ពចិន បានបញ្ជូននាវាយោធា ២គ្រឿង ចូលចតនៅកំពង់ផែរាម ដែលជាមូលដ្ឋានកងទ័ពជើងទឹករបស់កម្ពុជា។ កំពង់ផែនេះ ចិនជាអ្នកជួយកសាង ទើបតែរួច កាលពីពេលថ្មីៗនេះ។


លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់កាសែតក្នុងស្រុក នៅយប់ថ្ងៃទី៧ ខែឧសភាថា ការចូលចតនាវាយោធាចិន ២គ្រឿងនៅកំពង់ផែរាម គឺដើម្បីបណ្តុះបណ្តាលបច្ចេកទេស ក្នុងការប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា និងធ្វើតេស្តកំពង់ផែ ដែលចិន ជួយកសាងប៉ុណ្ណោះ មិនមែនជាការតាំងមូលដ្ឋានទ័ពរបស់ចិន នៅកម្ពុជា ដូចសារព័ត៌មានបរទេស ចុះផ្សាយនោះទេ។

ការបញ្ជាក់បែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើង បន្ទាប់ពីវិទ្យុអាស៊ីសេរី និងសារព័ត៌មានបរទេសមួយចំនួន បានផ្សាយថា ការចូលចតនាវារបស់ចិន នៅមូលដ្ឋានរាមកងទ័ពជើងទឹករបស់កម្ពុជា គឺជាការតាំងមូលដ្ឋានកងទ័ពចិន ក្នុងប្រទេសកម្ពុជា ហើយថាកម្ពុជា ជាមូលដ្ឋានកងទ័ពក្រៅប្រទេសរបស់ចិនទី២ នៅលើពិភពលោក។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា វត្តមាននាវាយោធារបស់ចិន នៅកម្ពុជា ពេលនេះ គឺដោយសារតែកងទ័ពចិន ត្រូវបានចូលមកជួយហ្វឺកហ្វឺនបណ្តុះបណ្តាលកងទ័ពជើងទឹកកម្ពុជា និងត្រៀមខ្លួន ដើម្បីធ្វើសមយុទ្ធនាគមាស ដែលជាលំហាត់យោធារួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី៦ ដែលនឹងធ្វើឡើង នៅកម្ពុជា នាពាក់កណ្តាលខែឧសភានេះ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម និងការសង្គ្រោះមនុស្សធម៌»។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត ក៏បានបន្ថែមថា កម្ពុជា ក៏គ្រោងនឹងទិញនាវាយោធារបស់ចិនបែបនេះ ដើម្បីបម្រើឱ្យវិស័យយោធារបស់កម្ពុជា នៅពេលខាងមុខផងដែរ ដើម្បីធ្វើទំនើបកម្មដល់កងទ័ពជើងទឹកកម្ពុជា។

សូមរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីជំនាន់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តដល់លោក ហ៊ុន ម៉ាណែត ជាកូន ធ្វើជានាយករដ្ឋមន្ត្រី គឺកម្ពុជា បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេស នៅក្នុងប្រទេសកម្ពុជាឡើយ ហើយកម្ពុជា ក៏មិនអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួន ជាដាច់ខាត។

នោះគឺរដ្ឋធម្មនុញ្ញកម្ពុជា គឺមិនអនុញ្ញាតឱ្យមូលដ្ឋានទ័ពបរទេស នៅលើទឹកដីខ្លួនទេ ហើយកម្ពុជា ក៏គ្មានមហិច្ឆតា ឬគ្មានគោលគំនិត ក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនដែរ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏មិនអនុញ្ញាតឱ្យប្រទេសណា ដាក់មូលដ្ឋានទ័ព នៅលើទឹកដីកម្ពុជានោះទេ។

ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏មិនឱ្យប្រើប្រាស់ប្រទេសកម្ពុជា ជាមូលដ្ឋានប្រឆាំងនឹងប្រទេសណានោះទេ កុំថាដល់មូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗ ប្រឆាំងប្រទេសណាមួយ ក៏មិនឱ្យនោះដែរ។

គួរបញ្ជាក់ថា រូបភាពពីប្រព័ន្ធផ្កាយរណបរបស់វិទ្យាស្ថានស្រាវជ្រាវអាមេរិក បង្ហាញឲ្យឃើញនូវនាវាចម្បាំងចិន ចំនួន ២គ្រឿង ដែលមានវត្តមាន នៅកំពង់ផែរាម ក្នុងខេត្តព្រះសីហនុរបស់កម្ពុជា ចាប់តាំងពីអំឡុងខែធ្នូ ឆ្នាំ២០២៣ មកម្លេះ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
ចិនបញ្ជូននាវា២គ្រឿង ចូលចតនៅ​កំពង់ផែរាម ក្នុងទឹកដីកម្ពុជា | SBS Khmer