កម្ពុជា​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​វិមានរដ្ឋធម្មនុញ្ញ នៅជិតវិមានឯករាជ្យ

Constitutional Monument in Cambodia.jpg

វិមានរដ្ឋធម្មនុញ្ញ នៅទីក្រុងភ្នំពេញ

កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអបអរសាទរ ខួបលើកទី៣១ ទិវាប្រកាសរដ្ឋធម្មនុញ្ញ និងសម្ពោធដាក់អោយប្រើប្រាស់ វិមានរដ្ឋធម្មនុញ្ញ។


វិមានរដ្ឋធម្មនុញ្ញ ត្រូវបានប្រកាសថា ជាសមិទ្ធផលថ្មី និងជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ ជាបេតិកភណ្ឌជាតិ កសាងឡើងក្នុងសម័យកាលដ៏រុងរឿង ក្រោមដំបូលនៃសុខសន្តិភាព ដើម្បីអបអរសាទរទិវារដ្ឋធម្មនុញ្ញ ខួបលើកទី៣១ឆ្នាំ។

វិមានរដ្ឋធម្មនុញ្ញ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលនេះ ប្រើប្រាស់ថវិកាជាតិ សាងសង់សរុបជាង ២លាន ២៣ម៉ឺនដុល្លារអាមេរិក ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ចាត់ទុកថា ជាការបង្ហាញឱ្យឃើញថា ប្រជាជាតិខ្មែរ មានឆន្ទៈ គោរព ការពារ លើកតម្កើង និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ។

ព្រះករុណា ព្រះមហាក្សត្រ ក៏បានប្រកាសអំពាវនាវដល់ប្រជាជាតិខ្មែរទាំងមូល តាំងចិត្តក្នុងសមាទិដ្ឋិ ប្រកាន់យកជានិច្ចនិរន្តរ៍នូវស្មារតីថា «យើងប្រជារាស្ត្រខ្មែរ រួបរួមគ្នា ថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ជានិមិត្តរូបនៃគុណតម្លៃទំនើប រួមផ្សំបុរាណ ជាការសន្យា ចំពោះអនាគតរុងរឿងនៃប្រជាជាតិយើង»។

( សំឡេង )

សូមរម្លឹកថា រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីប្រកាសឱ្យប្រើ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ រហូតដល់ពេលនេះ បានធ្វើវិសោធនកម្ម ១០លើកហើយ។

ការធ្វើវិសោធនកម្ម កែប្រែរដ្ឋធម្មនុញ្ញជាបន្តបន្ទាប់ កន្លងមកនេះ មានគោលបំណងចម្បងធំពីរ គឺបំពេញបន្ថែម ចំពោះរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ និងដើម្បីការពារឧត្តមប្រយោជន៍របស់ជាតិ និងមាតុភូមិកម្ពុជា។

ក្នុងនោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក៏ដើម្បីការពារ និងធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចម្បង ក្នុងការដឹកនាំកិច្ចការទូទៅរបស់រដ្ឋ ឱ្យដំណើរប្រតិបត្តិទៅដោយរលូន និងប្រកបដោយនិរន្តរភាពរបស់រដ្ឋ។ ធានាការពារថែរក្សាឱ្យបាននូវសន្តិសុខ សង្គម និងសណ្តាប់ធ្នាប់សាធារណ និងស្ថិរភាពសង្គម ដើម្បីបន្តជាគ្រឹះរបស់ប្រទេសជាតិ។

ជារួម ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាំង ១០លើកនេះ គឺមិនប៉ះពាល់ដល់បម្រាម ហាមឃាត់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទេ ជាពិសេសនោះ គឺមិនប៉ះពាល់ដល់ប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញឡើយ។ នេះបើតាមការបញ្ជាក់របស់រាជរដ្ឋាភិបាលកម្ពុជា៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service