កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ លោក ទីវ តារារិទ្ធ បានចាប់ផ្តើមជិះកង់ ចេញពីទឹកដីអង្គរ ក្នុងខេត្តសៀមរាប ទៅកាន់ទ្វីបអឺរ៉ុបហើយ។
លោក ទីវ តារារិទ្ធ ដែលត្រូវបានគេចាត់ទុកថា ជាជនជាតិកម្ពុជាដំបូងបំផុត ដែលអង់អាចក្លាហាន ហ៊ានយកជីវិត ដើម្បីកុមារកម្ពុជា បានបញ្ជាក់ពីបេសកកម្មរបស់លោក យ៉ាងដូច្នេះថា៖ ( សំឡេង )
ប្រិយមិត្ត អាចតាមដានព័ត៌មាននៃដំណើរជិះកង់របស់លោក ទីវ តារារិទ្ធ និងយុទ្ធនាការរៃអង្គាសមូលនិធិនេះ នៅលើទំព័រហ្វេសប៊ុក Travel with Rith - ធ្វើដំណើរជាមួយរិទ្ធិ។
សូមរម្លឹកថា កាលពីឆ្នាំមុន លោក ទីវ តារារិទ្ធ បានចំណាយពេលអស់ជិត ៣ខែ ដើម្បីជិះកង់ ឆ្លងកាត់ប្រទេសមួយចំនួន នៅតំបន់អាស៊ាន ដើម្បីរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។ បេសកកម្មកាលណោះ លោក ទីវ តារារិទ្ធ ទទួលបានថវិកាជាង ៦ម៉ឺនដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យកុមារអង្គរ។
សម្រាប់បេសកកម្មដ៏វែងឆ្ងាយ និងមានរយៈពេលដល់ទៅ ១ឆ្នាំ ជិះកង់ពីប្រទេសកម្ពុជា ទៅកាន់ទឹកដីអឺរ៉ុប លើកនេះ លោក ទីវ តារារិទ្ធ បានដាក់គោលដៅស្វែងរកថវិកាពីសប្បុរសជន ឱ្យបាន ២៥ម៉ឺនដុល្លារអាមេរិក ដើម្បីយកមកជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា នៅខេត្តសៀមរាប សម្រាប់ពិនិត្យ និងព្យាបាលជំងឺដល់កុមារកម្ពុជា ដោយមិនគិតថ្លៃ៕