​សៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន» បោះពុម្ព​ផ្សាយជាផ្លូវការ

Hun Sen assassignate attempt book.jpg

ការតាំងបង្ហាញសៀវភៅ ដែលមានចំណងជើងថា «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន»។

ការប៉ុនប៉ងធ្វើឃាត លើលោក ហ៊ុន សែន បុរសខ្លាំងកម្ពុជា ត្រូវបានបង្ហាញ នៅក្នុងសៀវភៅ ១ក្បាល ដែលមានចំណងជើងថា «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន»។ ជាសៀវភៅ ដែលស្រាវជ្រាវនិពន្ធ ដោយលោក អៀង ពិសី ផ្អែកតាមការផ្តល់ព័ត៌មានពីលោកឧត្តមសេនីយ៍ ផ្កាយបី ឈ្មោះ មាស សុខុន ដែលអះអាងថា ជាអង្គរក្ស និងជាអ្នកបើកឡានឱ្យលោកហ៊ុនសែន ចាប់តាំងពីលោក ក្លាយជានាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៨៥។


សៀវភៅថ្មីនេះ បានបោះពុម្ពលើកទី១ ចំនួនជាង ២ម៉ឺនក្បាល កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ និងត្រូវបានផ្សព្វផ្សាយជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ចំថ្ងៃខួបលើកទី២៦ ឆ្នាំ នៃការប៉ុនប៉ុងធ្វើឃាត លោក ហ៊ុន សែន លើកទី៥ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨។

ក្នុងសៀវភៅ ជាភាសាខ្មែរ កម្រាស់ ១៦៧ទំព័រនេះ បានបង្ហាញថា ការប៉ុនប៉ងធ្វើឃាត លើលោក ហ៊ុន សែន បានកើតឡើង ៥លើក គិតចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨។

ការប៉ុនប៉ងធ្វើឃាត លោក ហ៊ុន សែន លើកទី១ គឺនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៣ នៅពេលព្រះអង្គម្ចាស់ នរោត្តម ចក្រពង់្ស និងលោកឧត្តមសេនីយ៍ ស៊ិន សុង ដែលកាលណោះ លោកទាំងពីរ ជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំកម្លាំង ទៅបង្កើតតំបន់ស្វយ័តសម្តេចឪ ឬតំបន់អប្បគមន៍ ទាំង ៧ខេត្ត នៅត្រើយខាងកើតទន្លេមេគង្គ ហើយលោក ហ៊ុន សែន ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានទៅជួបលោកទាំងពីរ នៅខេត្តព្រៃវែង ដើម្បីសុំកុំឱ្យបង្កើតតំបន់អប្បគមន៍។ ក៏ប៉ុន្តែពួកគេទាំងពីរ មិនត្រឹមតែមិនស្តាប់បញ្ជាទេ តែថែមទាំងចាប់លោក ហ៊ុន សែន ឃុំឃាំង និងបង្ខំឱ្យលោកហ៊ុនសែន លាលែងពីតំណែង ដើម្បីឱ្យពួកគេ ឡើងកាន់អំណាច ដឹកនាំការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ឆ្នាំ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់។

ចំពោះការប៉ុនប៉ងធ្វើឃាត លោក ហ៊ុន សែន លើកទី២ បានកើតឡើង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៩៤ គឺបង្កឡើងដោយព្រះអង្គម្ចាស់ នរោត្តម ចក្រពង់្ស លោកឧត្តមសេនីយ៍ ស៊ិនសុង និងប្អូនប្រុស គឺឧត្តមសេនីយ៍ ស៊ិន សេន។ អ្នកទាំង ៣ បានសហការជាមួយជនជាតិថៃមួយក្រុម ធ្វើរដ្ឋប្រហារ ដោយប្រដាប់អាវុធ តែមិនបានសម្រេចនោះទេ។

ចំពោះការប៉ុនប៉ុងធ្វើឃាតលោក ហ៊ុន សែន លើកទី៣ ត្រូវបានសៀវភៅដដែល លើកឡើងថា បង្កឡើងដោយការមិនចុះសម្រុង និងការប៉ះទង្គិចជាបន្តបន្ទាប់ រវាងកងកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច រហូតឈានដល់ការផ្ទុះអាវុធទ្រង់ទ្រាយធំ នៅភ្នំពេញ នាថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។

ការប៉ុនប៉ងធ្វើឃាតលោក ហ៊ុន សែន ជាលើកទី៤ បានកើតឡើង នៅក្រោយការបោះឆ្នោត នាខែកក្កដា ឆ្នាំ១៩៩៨ អំឡុងពេលមានបាតុកម្មតវ៉ានឹងលទ្ធផលបោះឆ្នោត។ បាតុកម្មកាលណោះ ដឹកនាំដោយគណបក្សសមរង្ស៊ី និងគណបក្សហ៊្វុនស៊ិនប៉ិច ហើយក៏មានការវាយប្រហារដោយគ្រាប់បែកដៃ ២គ្រាប់ ចូលក្នុងភូមិគ្រឹះលោក ហ៊ុន សែន នៅវិមានឯករាជ្យ ខណៈដែលលោក និងក្រុមគ្រួសារ មិននៅផ្ទះ។

ចំណែកការប៉ុនប៉ុងធ្វើឃាតលោក ហ៊ុន សែន លើកទី៥ បានកើតឡើង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ ដែលមានគ្រាប់រ៉ូកែត B40 ចំនួន ៤គ្រាប់ ត្រូវបានគេបង្កៃ នៅគុម្ពផ្កា តាមផ្លូវពីសណ្ឋាគារ ទៅព្រះរាជដំណាក់ ក្នុងខេត្តសៀមរាប។ កាលណោះ លោក ហ៊ុន សែន បានចូលរួមប្រជុំរដ្ឋសភា លើកដំបូង ជាមួយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងលោក សម រង្ស៊ី ដែលបានដឹកនាំតំណាងរាស្ត្រមកពីគណបក្សជាប់ឆ្នោតទាំងបី គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសមរង្ស៊ី តាមការកោះប្រជុំ របស់អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅក្រោយការបោះឆ្នោត ដែលមានការជាប់គាំងនយោបាយអស់ជាច្រើនខែ។

ប៉ុន្តែការប៉ុនប៉ង ធ្វើឃាតលោក ហ៊ុន សែន ទាំង ៥លើកនេះ ត្រូវបានសៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន» លើកឡើងថា គឺមិនបានសម្រេចនោះឡើយ។

យ៉ាងណាក៏ដោយ ក្នុងពិធីផ្សព្វផ្សាយសៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន» បញ្ជាក់ពីគុណតម្លៃដ៏ធំធេងរបស់លោក ហ៊ុន សែន និងជាឯកសារកត់ត្រាអំពីឧបាយកលដ៏ខ្មៅកខ្វក់របស់ក្រុមអ្នកនយោបាយ ដែលជ្រកក្រោមស្លាកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

លោក ប៉ែន បូណា៖ ( សំឡេង )

 

សូមរម្លឹកថា លោក ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ក្រោយពីលោកកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ លោក ហ៊ុន សែន បានលាលែងតំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដោយបានផ្ទេរអំណាច ទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងបន្ត ជានាយករដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

នៅពេលនេះ លោក ហ៊ុន សែន ដែលនៅឆ្នាំ២០២៤នេះ មានអាយុ ៧២ឆ្នាំ បានកាន់តំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេស និងជាប្រធានព្រឹទ្ធសភា។ លោក នៅតែជាបុគ្គលមានអំណាចកំពូលតែម្នាក់គត់ នៅកម្ពុជា ដូចកាលពីពេលលោក នៅធ្វើជានាយករដ្ឋមន្ត្រីរយៈពេលជាង ៣៩ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៨៥ ដដែល៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service