លោក ហ៊ុន សែន ចាប់ផ្តើមបំពេញតួនាទីក្នុងតំណែងផ្លូវការកំពូលផុតលេខនៅកម្ពុជា

Hun Sen and King Norodom Sihamoni.jpg

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ចូលគាល់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី

លោក ហ៊ុន សែន ចាប់ផ្តើមបំពេញតួនាទី ជាប្រមុខរដ្ឋស្តីទី ដែលជាតំណែងផ្លូវការ កំពូលផុតលេខនៅកម្ពុជា ក្នុងឱកាសដែល ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសជប៉ុន នាថ្ងៃទី៥ ខែមេសានេះ។


ក្នុងព្រះរាជសារជូនជនរួមជាតិ កាលពីថ្ងៃទី៤មេសា ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់ថា នៅក្នុងឱកាស ដែលព្រះអង្គអវត្តមានពីមាតុប្រទេសពេលនេះ គឺលោក ហ៊ុន សែន ក្នុងឋានៈជាប្រធានព្រឹទ្ធសភា ដែលទើបតែជ្រើសតាំង កាលពីថ្ងៃទី៣មេសា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។

សូមរម្លឹកថា ក្នុងកិច្ចប្រជុំលើកដំបូង នៃព្រឹទ្ធសភា នីតិកាលទី៥ កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ សមាជិកព្រឹទ្ធសភាទាំងអស់ សរុបចំនួន ៦២រូប បានបោះឆ្នោតជាឯកច្ឆ័ន្ទ គាំទ្រលោក ហ៊ុន សែន ឡើងធ្វើជាប្រធានព្រឹទ្ធសភា។ ដូច្នេះតាមច្បាប់ លោក ហ៊ុន សែន នឹងត្រូវក្លាយជាប្រមុខរដ្ឋស្តីទី នៅពេលព្រះករុណា ព្រះមហាក្សត្រ យាងចាកចេញទៅក្រៅប្រទេស។

ជាការកត់សម្គាល់ សមាជិកព្រឹទ្ធសភា សរុប ៦២រូប គឺមាន ៥៥រូប មកពីគណបក្សប្រជាជនកម្ពុជា ៣រូប មកពីគណបក្សឆន្ទៈខ្មែរ ដែលជាអតីតគណបក្សសមរង្ស៊ី ២រូប ជ្រើសតាំងដោយរដ្ឋសភា និង ២រូបទៀត តែងតាំងដោយព្រះមហាក្សត្រ។ ដូច្នេះសូម្បីតែសមាជិកព្រឹទ្ធសភា ៣រូប មកពីអតីតគណបក្សប្រឆាំងសមរង្ស៊ី ក៏បានបោះឆ្នោត គាំទ្រប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ឱ្យធ្វើជាប្រធានព្រឹទ្ធសភា ផងដែរ។

ក្នុងតំណែងជាប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន អាចចុះហត្ថលេខាលើព្រះរាជក្រឹត្យ តែងតាំង និងដកតំណែងមន្ត្រីជាន់ខ្ពស់ ក្នុងជួរថ្នាក់ដឹកនាំក្នុងស្ថាប័នកំពូលៗ ពិសេសនៅរាជរដ្ឋាភិបាល។

យ៉ាងណាក៏ដោយ នៅកម្ពុជា យូរឆ្នាំមកហើយ ការដោះដូរ ការដកតំណែង និងការតែងតាំងមន្ត្រីជាន់ខ្ពស់គ្រប់ជាន់ថ្នាក់ គឺស្ថិតនៅលើលោក ហ៊ុន សែន ក្នុងនាមជាអនុប្រធាន ហើយក្រោយមក ឡើងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជា ចាប់តាំងពីផ្តួលរំលំរបបខ្មែរក្រហម កាលពីថ្ងៃទី៧មករា ឆ្នាំ១៩៧៩ មកទល់នឹងសព្វថ្ងៃ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
លោក ហ៊ុន សែន ចាប់ផ្តើមបំពេញតួនាទីក្នុងតំណែងផ្លូវការកំពូលផុតលេខនៅកម្ពុជា | SBS Khmer