លោក ហ៊ុន សែន បញ្ចេញប្រតិកម្មនឹងការផ្សព្វផ្សាយអំពីគម្រោងព្រែកជីក តេជោ ហ្វូណន

Hun Sen.jpg

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា ក្នុងនាមជាប្រមុខរដ្ឋស្តីទី កាលពីរសៀលថ្ងៃទី៩ ខែមេសា បានបញ្ចេញប្រតិកម្មនឹងការផ្សព្វផ្សាយ ដែលលោកចាត់ទុកថា ជាការមួលបង្កាច់ និងប្រឌិតរឿង អំពីគម្រោងព្រែកជីក តេជោ ហ្វូណន។


គម្រោងព្រែកជីក តេជោ ហ្វូណន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន កាលពីឆ្នាំ២០២៣ បានសម្រេច អនុញ្ញាតឱ្យក្រុមហ៊ុនចិន វិនិយោគ សាងសង់ ក្រោមកិច្ចព្រមព្រៀង BOT គឺសាងសង់ ប្រតិបត្តិ និងផ្ទេរ ក្នុងរយៈពេល ៥០ឆ្នាំ។

កម្ពុជា ប្រកាសថា គម្រោងព្រែកជីកតេជោហ្វូណន មានតម្លៃ ១ពាន់ ៧រយលានដុល្លារអាមេរិកនេះ គ្រោងនឹងបើកការដ្ឋានសាងសង់ នៅចុងឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ នៅឆ្នាំ២០២៨។

គម្រោងព្រែកជីកថ្មីនេះ មានប្រវែង ១៨០គីឡូម៉ែត្រ ដើម្បីភ្ជាប់ការដឹកនាំជញ្ជូនពីភ្នំពេញ តាមទន្លេបាសាក់ ឆ្ពោះទៅកាន់សមុទ្រ ដោយកាត់តាមខេត្តចំនួន៤ រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។ ព្រែកជីកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ១០០ម៉ែត្រ ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅប្រមាណ ៥,៤ម៉ែត្រ។

យ៉ាងណាក៏ដោយ តាមបណ្តាញសង្គម កាលពីថ្ងៃទី៩ ខែមេសានេះ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានលើកឡើងថា «បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់ អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះ គេមកប្រឌិតរឿង ព្រែកជីកតេជោហ្វូណន ម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះ នឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ»។

លោក ហ៊ុន សែន បន្តថា «នៅថ្ងៃនេះ ខ្ញុំសូមដាស់តឿនដល់មិត្តភ័ក្រ្ត ឬមិនមែនមិត្តភ័ក្រ្ត លើចំណុចមួយចំនួន ដូចខាងក្រោម៖ ១. តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី?។ ២. កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ។ ៣. ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ៤. តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?។ ៥. ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ។ និងទី៦. ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ជួយឲ្យប្រជាជននៅតាមព្រែកនេះ មានទឹកប្រើប្រាស់ សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។»

លោក ហ៊ុន សែន បន្ថែមថា «ព្រែកជីកនេះ មិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះ មិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតយើងមានទ្វារទឹក មិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ។ យើងអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥។ សូមនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះយើងបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្មការទន្លេមេគង្គរួចហើយ»។

ជាចុងក្រោយ លោក ហ៊ុន សែន ក៏បានប្រកាសអំពាវនាវ សូមកុំមួលបង្កាច់កម្ពុជា ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយ។

លោក ហ៊ុន សែន ដែលនៅតែជាបុរសខ្លាំង និងជាអ្នកបន្តមានអំណាចកំពូល នៅកម្ពុជា បានបញ្ជាក់ថា «យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើង ដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯង ក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ! សំណាងត្រង់ពួកអ្នកឯង កើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំ កើតក្នុងប្រទេសក្រីក្រ! ទើបពួកអ្នកឯង មើលងាយពួកខ្ញុំ»។

សូមរម្លឹកថា ប្រតិកម្មរបស់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាខាងលើនេះ បានធ្វើឡើង ក្រោយពីសារព័ត៌មាន ឌឹ ស្ត្រេតស៍ ថាមស៍ (The Straits Times) របស់ប្រទេសសិង្ហបុរី បានចេញផ្សាយកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ដោយស្រង់យកអត្ថបទស្រាវជ្រាវមួយ សរសេរដោយអ្នកស្រាវជ្រាវនៃវិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) របស់ប្រទេសវៀតណាម ដែលបានវាយតម្លៃថា ព្រែកជីកតេជោហ្វូណន របស់កម្ពុជា មិនត្រឹមតែជាគម្រោងមួយ ដែលបម្រើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែព្រែកជីកនេះ ក៏មានតម្លៃចម្បងបម្រើឱ្យវិស័យយោធារបស់ចិនផងដែរ។

វិទ្យាស្ថានស្រាវជ្រាវ ដែលគាំទ្រដោយរដ្ឋាភិបាលវៀតណាម ក៏បានព្រមានថា ព្រែកជីកហ្វូណនតេជោរបស់កម្ពុជា អាចជួយសម្រួលឱ្យមានវត្តមានយោធាចិន នៅក្នុងទឹកដីកម្ពុជា កាន់តែជ្រៅ។

ក្រុមអ្នកស្រាវជ្រាវវៀតណាម ក៏សន្និដ្ឋានថា គម្រោងព្រែកជីករបស់កម្ពុជានេះ នឹងបង្កផលប៉ះពាល់ខ្លាំងក្លាដល់ស្ថានភាពវិស័យការពារជាតិ និងសន្តិសុខនៃតំបន់ទាំងមូល ស្របពេលដែលចិន កំពុងអភិវឌ្ឍកំពង់ផែកងទ័ពជើងទឹករាម នៅកម្ពុជា ស្រាប់។

សូមរម្លឹកថា វៀតណាម គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន៤ ក្នុងតំបន់អាស៊ាន ដែលកំពុងមានជម្លោះ ដណ្ដើមអធិបតេយ្យលើប្រជុំកោះ នៅសមុទ្រចិនខាងត្បូង ជាមួយប្រទេសចិន។

ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមអ្នកសិក្សាសង្គមនយោបាយ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការវាយប្រហារកម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ កើតចេញមកពីការឃុបឃិតរវាងវៀតណាម ជាមួយអាមេរិក ក្នុងការប្រឆាំងប្រទេសចិន។

ម្យ៉ាងវៀតណាម ក្នុងនាមជាប្រទេសជាប់ព្រំដែនកម្ពុជា ហើយមានសេដ្ឋកិច្ចរីកចម្រើនជាងកម្ពុជា និងធ្លាប់ជាប្រទេសគ្រប់គ្រងកម្ពុជាផង គឺវៀតណាម មិនចង់ឱ្យកម្ពុជា ងើបក្បាលរួច ពីការគ្រប់គ្រងរបស់ខ្លួនឡើយ។ រាល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជា សព្វថ្ងៃ មិនថា ផ្លូវគោក ឬផ្លូវទឹកទេ គឺត្រូវពឹងលើកំពង់ផែទឹកជ្រៅរបស់វៀតណាម ដែលស្ថិតនៅសមុទ្រ ក្នុងតំបន់អតីតទឹកកម្ពុជាក្រោម ដែលវៀតណាម កាន់កាប់។

ប៉ុន្តែបើកម្ពុជា មានផ្លូវទឹក តាមរយៈព្រែកជីកថ្មី ដែលមានឈ្មោះថា ព្រែកជីក តេជោ ហ្វូណន ហើយកម្ពុជា ក៏អភិវឌ្ឍន៍កំពុងផែទឹកជ្រៅ នៅសមុទ្រ តាមរយៈជំនួយរបស់ចិន នោះកម្ពុជា លែងពឹងលើអុកស៊ីហ្សែនរបស់វៀតណាមទៀតហើយ។ កម្ពុជា ក៏អាចដឹកជញ្ជូនទំនិញពីភ្នំពេញ និងពីសមុទ្រ ចូលមកភ្នំពេញ តាមផ្លូវទឹករបស់ខ្លួនផងដែរ។

យ៉ាងណាក៏ដោយ ការបកស្រាយលើគម្រោងព្រែកជីកថ្មីនេះ នៅតែមានភាពប្រទាញប្រទង់ ហើយសំអាងលើហេតុផលរៀងៗខ្លួន។ តែគម្រោងអភិវឌ្ឍការដឹកជញ្ជូនផ្លូវទឹកនេះ គឺស្ថិតនៅក្នុងអធិបតេយ្យ ទឹកដីរបស់កម្ពុជាទាំងស្រុង។ ដូច្នេះកម្ពុជា ក្នុងនាមជាប្រទេសឯករាជ្យ និងមានអធិបតេយ្យពេញលេញ តើហេតុអ្វី បានជាកម្ពុជា មិនអាចអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនបាន?៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service