លោក ហ៊ុន សែន លាឈប់​ពី​សមាជិករដ្ឋសភា ចូលធ្វើជា​ប្រធាន​ព្រឹទ្ធិសភា

Hun Sen resigns from Parliament.jpg

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល លាឈប់ពីសមាជិករដ្ឋសភា ដើម្បីទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា។

កាលពីថ្ងៃទី២ ខែមេសា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភា ដើម្បីទៅកាន់តំណែងថ្មី នៅព្រឹទ្ធសភា នីតិកាលទី៥។ នោះគឺលោក ហ៊ុន សែន ត្រូវកាន់តំណែងជាប្រធានព្រឹទ្ធសភា ដែលនឹងក្លាយជាប្រមុខរដ្ឋស្តីទី នៅពេលព្រះមហាក្សត្រ យាងចាកចេញពីប្រទេស។


តាមកម្មវិធី ដែលបានគ្រោងទុក គឺនៅព្រឹកថ្ងៃទី៣មេសានេះ ព្រឹទ្ធសភាថ្មី នីតិកាលទី៥ នឹងត្រូវបើកកិច្ចប្រជុំលើកដំបូង ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

គឺនៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាថ្មី នាព្រឹកថ្ងៃទី៣មេសានេះ ដែលលោក ហ៊ុន សែន នឹងត្រូវសមាជិកព្រឹទ្ធសភា ប្រជុំបោះឆ្នោត ឱ្យឡើងធ្វើជាប្រធានព្រឹទ្ធសភា។ រីឯអនុប្រធាន ២រូបទៀត គឺលោក ប្រាក់ សុខុន ជាអនុប្រធានទី១ និងលោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី២ ព្រឹទ្ធសភា។

ព្រឹទ្ធសភា នីតិកាលទី៥ មានសមាជិក ៦២រូប។ ក្នុងនោះ តាមការបោះឆ្នោតអសកល កាលពីខែកុម្ភៈ ឆ្នាំ២០២៤ គឺក្នុងចំណោមសមាជិកព្រឹទ្ធសភា ៥៨រូប មាន ៥៥រូប មកពីគណបក្សប្រជាជនកម្ពុជា និង ៣រូប មកពីគណបក្សឆន្ទៈខ្មែរ។ រីឯសមាជិកព្រឹទ្ធសភា ២រូបទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភា និង២រូបទៀត តែងតាំងដោយព្រះមហាក្សត្រ។

យ៉ាងណាក៏ដោយ ក្នុងកិច្ចប្រជុំរដ្ឋសភា កាលពីព្រឹកថ្ងៃចន្ទ ទី១មេសា ឆ្នាំ២០២៤ លោក ហ៊ុន សែន បានប្រកាសជម្រាបលារដ្ឋសភា ដែលលោក ធ្វើជាសមាជិក ឬអ្នកតំណាងរាស្ត្រ ចាប់តាំងពីឆ្នាំ១៩៨១ រហូតដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤។ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ក៏បានប្រកាសថា លោកនៅតែមានសិទ្ធិអំណាច ក្នុងការរៀបចំ ចាត់តាំងក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា រួមទាំងការដោះដូរសមាជិករដ្ឋសភា ឬអ្នកតំណាងរាស្ត្រ ដែលមកពីគណបក្សប្រជាជនកម្ពុជារបស់លោក និងដែលកំពុងដឹកនាំប្រទេសកម្ពុជាដដែល។

លោក ហ៊ុន សែន៖ ( សំឡេង )

សូមរម្លឹកថា ក្នុងអាយុ ៧១ឆ្នាំ នៅឆ្នាំ២០២៤ នេះ លោក ហ៊ុន សែន បានឆ្លងកាត់អស់ហើយ ក្នុងជីវិតជាកូនកសិករ ជាក្មេងវត្ត ជាអ្នកតស៊ូរត់ចូលព្រៃ ជាទាហានខ្មែរក្រហម មេបញ្ជាការកងទ័ព ជាអ្នកចូលរួមរំដោះជីវិតពលរដ្ឋខ្មែរពីរបបខ្មែរក្រហម ជារដ្ឋមន្ត្រីការបរទេស ជានាយករដ្ឋមន្ត្រីក្មេងជាងគេ និងយូរជាងគេលើពិភពលោក ហើយចុងក្រោយនេះ ចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ តទៅ លោក ហ៊ុន សែន ចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា ដែលជាតំណែងកំពូល ក្លាយជាប្រមុខរដ្ឋស្តីទី នៅពេលព្រះមហាក្សត្រ យាងចាកចេញពីប្រទេសកម្ពុជា៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
លោក ហ៊ុន សែន លាឈប់​ពី​សមាជិករដ្ឋសភា ចូលធ្វើជា​ប្រធាន​ព្រឹទ្ធិសភា | SBS Khmer