កម្ពុជា​ប្រកាសជាថ្មីថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺ​ដើម្បី​ឯករាជ្យភាព​ខាង​នយោបាយដឹកជញ្ជូន

Cambodia senate president Hun Sen.jpg

លោក ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា

ជាថ្មីម្តងទៀត កម្ពុជា តាមរយៈលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា បានប្រកាសថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការបង្កើតឯករាជ្យភាពខាងនយោបាយ លើការដឹកជញ្ជូនរបស់កម្ពុជា។


ក្នុងសេចក្តីថ្លែងការណ៍ពិសេសផ្ទាល់មាត់រយៈពេលជាង ១ម៉ោង ជូនជនរួមជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដាច់ខាត កម្ពុជា ត្រូវតែធ្វើអោយបាន។ តាមលោក ហ៊ុន សែន កម្ពុជា ត្រូវធ្វើអោយបានដាច់ខាតនូវព្រែកជីក ដែលភ្ជាប់ការដឹកជញ្ជូនពីភ្នំពេញ ទៅកាន់សមុទ្រនេះ ត្បិតគម្រោងសាងសង់ព្រែកជីកនេះ ស្ថិតក្នុងដែនអធិបតេយ្យភាពជាតិកម្ពុជា និងមិនបានប៉ះពាល់ធនធានធម្មជាតិ ពិសេសមិនប៉ះពាល់ដល់ទន្លេមេគង្គ ឬបរិស្ថាន នៅប្រទេសវៀតណាមអ្វីនោះទេ។

( សំឡេង )

ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែចំណេញ ចំពោះសេដ្ឋកិច្ចជាតិកម្ពុជាទេ តែវាក៏បង្កើតបាននូវឯករាជ្យភាពខាងនយោបាយ លើការដឹកជញ្ជូនរបស់កម្ពុជា ផងដែរ។

( សំឡេង )

ការចេញមកបញ្ជាក់របស់លោក ហ៊ុន សែន ជាថ្មីដូច្នេះ បានធ្វើឡើង បន្ទាប់ពីមានសារព័ត៌មានបរទេស និងអ្នកវិភាគមួយចំនួន បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា គឺស្ថិតក្រោមគំនិតផ្ដួចផ្ដើចខ្សែក្រវាត់ និងផ្លូវរបស់ចិន។

លោក ហ៊ុន សែន ក៏បានសម្ដែងការសោកស្ដាយ ចំពោះក្រុមអ្នកវិភាគ និងអ្នកប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបន្តយករឿងព្រែកជីកហ្វូណននេះ មកភ្ជាប់នូវបញ្ហានយោបាយតំបន់ប្រឆាំងចិន និងធ្វើជាឈ្នាន់នយោបាយរបស់ពួកគេ។

សូមរម្លឹកថា គម្រោងព្រែកជីកហ្វូណនតេជោ ក្រោមការផ្តួចផ្តើមរបស់លោក ហ៊ុន សែន កាលមិនទាន់ផ្ទេរអំណាចឱ្យកូនរបស់លោក កាលពីឆ្នាំ២០២៣ បានសម្រេចប្រគល់ឱ្យក្រុមហ៊ុនចិន វិនិយោគ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧០០លានដុល្លារអាមេរិក។ ព្រែកជីកថ្មីនេះ នឹងភ្ជាប់ការដឹកជញ្ជូនផ្លូវទឹក ពីភ្នំពេញ ទៅកាន់សមុទ្រ ក្នុងខេត្តកែប មានប្រវែង ១៨០គ.ម ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។

ការដឹកជញ្ជូនទំនិញ តាមផ្លូវទឹករបស់កម្ពុជាសព្វថ្ងៃ ធ្វើឡើងតាមទន្លេមេគង្គ ដោយត្រូវឆ្លងកាត់ទឹកដីកម្ពុជាក្រោម ដែលវៀតណាម គ្រប់គ្រង មុននឹងចេញទៅសមុទ្រ ដែលស្ថិតនៅដែនដីកម្ពុជាក្រោម ជាទឹកដីវៀតណាមខាងត្បូង សព្វថ្ងៃ។

លោក ហ៊ុន សែន ក៏បានរម្លឹកថា អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទអង្គឌួង បានគិតគូរពីការស្ថាបនា ព្រែកជីកនេះ តាំងពីឆ្នាំ១៨៤០ មកម្ល៉េះ។ ដូច្នេះ ការធ្វើព្រែកជីកនេះ គឺនឹងបន្សល់ទុកដល់កម្ពុជា លើសពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នោះគឺការឯករាជ្យខាងនយោបាយ លើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
កម្ពុជា​ប្រកាសជាថ្មីថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺ​ដើម្បី​ឯករាជ្យភាព​ខាង​នយោបាយដឹកជញ្ជូន | SBS Khmer