នាយករដ្ឋមន្រ្តីកម្ពុជាមិនចូលរួម​ពិធីរម្លឹកព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ

King Norodom Sihanouk 12th anniversary.jpg

ពិធីគោរព និងរម្លឹកខួប១២ឆ្នាំ នៃព្រះវិញ្ញាណក្ខន្ធសម្តេចព្រះ នរោត្តម សីហនុ នៅព្រះបរមរូបរបស់ព្រះអង្គ នៅសួនច្បារវិមានឯករាជ្យ

ថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ បានចូលរួមថ្វាយកម្រងផ្កា គោរព និងរម្លឹកព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កាលពីថ្ងៃទី១៥ ខែតុលា។ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ គឺជាថ្ងៃគម្រប់ខួប ១២ឆ្នាំ ដែលសម្តេចព្រះ នរោត្ដម សីហនុ អតីតព្រះមហាក្សត្រខ្មែរ បានសោយទិវង្គត នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្ម ៩០វស្សា។


នៅថ្ងៃគម្រប់ខួប ១២ឆ្នាំ ថ្ងៃនេះ នៅមណ្ឌបព្រះបរមរូប នៅសួនច្បារ ខាងកើតវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ ថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ រួមមាន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក៏ដូចជា អង្គការសមាគមខ្លះ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ។

ក៏ប៉ុន្តែលោក ហ៊ុន សែន និងកូនប្រុសរបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនបានចូលរួមក្នុងពិធីគោរព និងរម្លឹកព្រះវិញ្ញាណក្ខន្ធសម្តេចព្រះ នរោត្តម សីហនុ នៅព្រះបរមរូបរបស់ព្រះអង្គ នៅសួនច្បារវិមានឯករាជ្យ ដែលស្ថិតនៅមុខផ្ទះរបស់លោក ហ៊ុន សែន ក្នុងរាជធានីភ្នំពេញឡើយ។

លោក ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៥តុលាម្សិលមិញ មានកម្មវិធីមួយ ដែលលោក ត្រូវចូលរួម ជាអធិបតី ក្នុងពិធីអបអរសាទរ ខួប ៣០ឆ្នាំ ថ្ងៃបង្កើតកងទ័ព ក្នុងកងពលតូចលេខ៧០ ដែលស្ថិតនៅចោមចៅ ជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ កម្មវិធីនោះ ផ្សាយផ្ទាល់តាមទូរទស្សន៍ក្នុងស្រុក និងបណ្តាញសង្គម ដោយមានព្យុះហយាត្រាកងទ័ពផងដែរ។

ចំណែកលោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំកម្ពុជាចាប់តាំងពីផ្តួលរំលំរបបខ្មែរក្រហម ថ្ងៃទី៧មករា ឆ្នាំ១៩៧៩ គឺលោក ហ៊ុន សែន កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ថ្ងៃរម្លឹកខួប ១២ឆ្នាំ ដែលសម្តេចព្រះ នរោត្តម សីហនុ បានយាងចូលទិវង្គត គឺលោក មិនមានកម្មវិធីផ្លូវការ ទៅណា ឬក៏ជួបប្រជុំអ្វីនោះទេ។

ក៏ប៉ុន្តែយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី១៥តុលា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានផ្ញើសារតាមបណ្តាញសង្គមផ្លូវការរបស់លោក ដោយលោក បានបង្ហោះថា លោកគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា និងសូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ " សូមស្តេចយាងបដិសន្ធិ ក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថ្ងៃទី១៥ ខែតុលា ជាថ្ងៃឈប់សម្រាកបុណ្យជាតិ ដើម្បីរម្លឹកដល់ថ្ងៃ ដែលសម្តេចព្រះ នរោត្តម សីហនុ ចូលទិវង្គត។ ការឈប់សម្រាកនេះ បានអនុវត្តចាប់តាំងពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ បន្តដល់សព្វថ្ងៃ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
នាយករដ្ឋមន្រ្តីកម្ពុជាមិនចូលរួម​ពិធីរម្លឹកព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ | SBS Khmer