អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលការលើកឡើងរបស់លោក សម រង្ស៉ី ពាក់ព័ន្ធនឹងករណីផ្ទុះគ្រាប់ នៅខេត្តកំពង់ស្ពឺ

ផ្ទុះគ្រាប់​ភូមិភាគ៣នៅកំពង់ស្ពឺ.jpg

ហេតុការណ៍ផ្ទុះគ្រាប់ នៅក្នុងយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានប្រកាសច្រានចោលចំពោះអ្វី ដែលលោកហៅថា ជាការប្រឌិត និងបំភ្លៃរបស់លោក សម រង្ស៉ី ពាក់ព័ន្ធនឹងករណីផ្ទុះគ្រាប់ នៅក្នុងយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។


លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានប្រាប់កាសែតអនឡាញ Fresh News កាលពីល្ងាចថ្ងៃទី៣០ ខែមេសាថា «បន្ទាប់ពីផ្សព្វផ្សាយញុះញង់ដោយអគតិ ដើម្បីរារាំងដល់គម្រោងព្រែកជីកហ្វូណនតេជោ ប្រឆាំងនឹងផលប្រយោជន៍ជាតិ និងប្រជាជនហើយនោះ នៅពេលនេះ ទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាម បានបន្តញុះញង់ជាថ្មីម្តងទៀត មកលើកងយោធពលខេមរភូមិន្ទ ដោយបានបំភ្លៃលើករណីផ្ទុះគ្រាប់នៅក្នុងយោធភូមិភាគទី៣ ផ្ទុយពីការពិតជាក់ស្តែង ក្នុងគោលដៅបម្រើនយោបាយក្បត់ជាតិរបស់ខ្លួន»។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានប្រកាសច្រានចោលទាំងស្រុងទៅនឹងសារបំផ្លើសខុសពីការពិត ប្រឌិតមួលបង្កាច់លើបណ្តាញសង្គមរបស់លោក សម រង្ស៉ី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្នុងចេតនាបង្កភាពវឹកវរដល់សន្តិសុខសង្គម ដូចដែលទណ្ឌិតរូបនេះ តែងតែញុះញង់ បំផ្លិចបំផ្លាញ ប្រឆាំងចំពោះសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសជាតិ កន្លងមក។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់បន្ថែមថា «កងយោធពលខេមរភូមិន្ទ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយស្មោះស្ម័គ្រ ប្តូរផ្តាច់ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ មិនឱ្យមានជនអគតិណា មករំលោភបំពានបានជាដាច់ខាត ហើយកងយោធពលខេមរភូមិន្ទបានត្រៀមខ្លួនជានិច្ចក្នុងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវ ដើម្បីធានានូវសន្តិភាព ស្ថិរភាព និងនិរន្តរភាពនៃការអភិឌ្ឍជាតិ។ ដូច្នេះទណ្ឌិត សម រង្ស៉ី គួរតែបញ្ឈប់ការស្រមើលស្រមៃដ៏ឆ្កួតលីលារបស់ខ្លួនតទៅទៀត»។

សូមរម្លឹកថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ លោកសមរង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង បានសរសេរបង្ហោះលើហ្វេសប៊ុក ដោយដាក់ចំណងជើងថា «ចលនាប្រដាប់អាវុធ ប្រឆាំងត្រកូល ហ៊ុន»។ លោកសមរង្ស៊ី លើកឡើងថា ចលនាផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ចាប់ផ្តើមផ្ទុះហើយ ដើម្បីទាមទារឲ្យដកចេញត្រកូល ហ៊ុន (គឺ ហ៊ុន សែន និងកូនគាត់ ដែលឡើងតាមជើងខោគាត់)។

លោកសមរង្ស៊ី បន្ថែមថា «ចលនានេះ បានរៀបចំឲ្យផ្ទុះឃ្លាំងគ្រឿងផ្ទុះ ជិតទីក្រុងភ្នំពេញ នៅថ្ងៃ ២៧ មេសា ២០២៤ នេះ។ ហ៊ុន សែន កំពុងតែភ័យខ្លាំងណាស់ ហើយគាត់ឈប់ទុកចិត្តអង្គរក្សគាត់ទៀតហើយ។ គាត់បានទៅពឹងពាក់ចិនកុម្មុយនីស្ត ឲ្យជួយការពារអាយុជីវិត និងសុវត្ថិភាពរបស់គាត់ និងក្រុមគ្រួសារគាត់។ ហេតុនេះហើយ បានជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃ ២៤ មេសា ២០២៤ នេះ ថា ប្រទេសចិន និងកងទ័ពចិន នឹងការពារអាយុជីវិត និងសុវត្ថិភាពក្រុមគ្រួសារ ហ៊ុន សែន»។

លោកសមរង្ស៊ី បន្ថែមថា «តើចិនកុម្មុយនីស្ត បានការពារ ប៉ុល ពត ដល់កម្រិតណា នៅឆ្នាំ ១៩៧៩ ? របប ហ៊ុន សែន ជិតដល់ទីបញ្ចប់របស់វាហើយ»។

សូមរម្លឹកថា ហេតុការណ៍ផ្ទុះគ្រាប់ដ៏កក្រើក នៅក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានកើតឡើង ក្នុងពេលកងទ័ព ១៥នាក់ មកពីខេត្តកោះកុង បានដឹកគ្រាប់ខូចគុណភាព ដោយប្រើឡាន ៥គ្រឿង។ ហេតុការណ៍នោះ បណ្តាលឱ្យស្លាប់ទាហាន ២០នាក់ និងរបួសទាហាន រួមទាំងប្រជាពលរដ្ឋរស់នៅជិតនោះ ច្រើននាក់។

ប៉ុន្តែមូលហេតុពិតប្រាកដ នៃការផ្ទុះគ្រាប់នោះ មិនត្រូវបានគេប្រកាសឱ្យដឹងនៅឡើយទេ។

តែហេតុការណ៍ផ្ទុះគ្រាប់ នៅក្នុងបន្ទាយទាហាននោះ បានកើតឡើង មិនដល់ ២៤ម៉ោងផង ដែលលោក ហ៊ុន សែន បានថ្លែងវាយប្រហារខ្លាំងៗ លើវៀតណាម ជាសាធារណៈ ជាលើកដំបូង ចាប់តាំងពីលោក ឡើងកាន់អំណាច ដោយសារតែការជ្រួយជ្រោមជ្រែងរបស់វៀតណាម ក្រោយការវាយប្រហារលើរបបខ្មែរក្រហម នៅឆ្នាំ១៩៧៩។ ការវាយប្រហារដោយពាក្យសម្តីរបស់លោកហ៊ុនសែន លើវៀតណាម ដោយសារតែវៀតណាម បានជំទាស់នឹងគម្រោងជីកព្រែកថ្មីរបស់កម្ពុជា ប្រវែង ១៨០គ.ម ដើម្បីភ្ជាប់ការដឹកជញ្ជូនពីភ្នំពេញ ទៅកាន់សមុទ្រ ក្នុងខេត្តកែប ជាប់ព្រំដែនវៀតណាម។

គម្រោងជីកព្រែកនេះ ត្រូវបានវៀតណាម និងមជ្ឈដ្ឋានអន្តរជាតិច្រើនទៀត រួមទាំងលោកសមរង្ស៊ីផង បានលើកឡើងថា ដើម្បីបម្រើឱ្យកងទ័ពចិន។ ចិន ដែលត្រូវបានគេលើកឡើងថា កំពុងកសាងមូលដ្ឋានទ័ព នៅមូលដ្ឋានកងទ័ពជើងទឹកកម្ពុជា នៅរាម ក្នុងខេត្តព្រះសីហនុ។

 ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានបដិសេធ ហើយថា គម្រោងជីកព្រែកហ្វូណនតេជោនេះ សម្រាប់បម្រើឱ្យផលប្រយោជន៍សេដ្ឋកិច្ច ក្នុងការដឹកជញ្ជូនទំនិញរបស់កម្ពុជាសុទ្ធសាធ មិនមែនដើម្បីបម្រើឱ្យផលប្រយោជន៍យោធារបស់ចិនឡើយ ទោះបីជាគម្រោងនេះ វិនិយោគដោយក្រុមហ៊ុនចិន ក្នុងតម្លៃប្រមាណ ១៧០០លានដុល្លារសហរដ្ឋអាមេរិក ក៏ដោយ។ រហូតដល់ពេលនេះ កម្ពុជា ដឹកទំនិញតាមផ្លូវទឹក ត្រូវឆ្លងកាត់ប្រទេសវៀតណាម តាមទន្លេមេគង្គ ចាក់ទៅសមុទ្រ។

មកដល់ពេលនេះ សង្គ្រាមប៉ាកា បានកើនឡើង ដោយវៀតណាម និងសហរដ្ឋអាមេរិក បានចេញមុខជំទាស់ខ្លាំងក្លានឹងគម្រោងជីកព្រែករបស់កម្ពុជា។ កម្ពុជា និងក្រុមហ៊ុនចិន ក៏មិនទាន់អនុវត្តគម្រោងជីកព្រែកដ៏ធំនេះនៅឡើយទេ។ តែទាំងលោកហ៊ុនសែន និងទាំងលោកហ៊ុនម៉ាណែត បានប្រកាសកាលពីថ្ងៃទី២៦ ខែមេសា និងនៅថ្ងៃទី២៨មេសា ឆ្នាំ២០២៤ ថា កម្ពុជា ត្រូវតែធ្វើព្រែកជីកនេះឱ្យបាន ទោះបីជាមិនមានការវិនិយោគពីក្រុមហ៊ុនចិនក៏ដោយ។

( សំឡេង )

ជាមួយគ្នានេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក៏មានប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន បានចេញសារ គាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ដើម្បីឱ្យកម្ពុជា លែងពឹងពាក់វៀតណាម ក្នុងការនាំទំនិញចេញតាមផ្លូវទឹកតទៅទៀត៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service