តុលាការសម្រេចចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា បន្ថែម១បទល្មើសទៀត

Okhna Srey Sina.png

អតីតឧកញ៉ា ស្រី ស៊ីណា ជនជាប់ចោទបាញ់សម្លាប់គូដណ្តឹងមួយគូ ក្នុងជម្លោះអ្នកជិតខាង

អយ្យការអមតុលាការ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា បន្ថែម ១បទល្មើសទៀត។ នោះគឺ «បទរំលោភលើលំនៅដ្ឋាន»។


សេចក្តីប្រកាសរបស់អ្នកនាំពាក្យតុលាការសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងថា «បន្ទាប់ពីបានពិនិត្យលម្អិតបន្ថែមទៀត លើសំណុំរឿងករណីបាញ់ប្រហារ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានបណ្តាលឱ្យមនុស្ស ០២ នាក់ បានស្លាប់ និងមនុស្ស ០២នាក់ទៀត បានរងរបួស កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤, តំណាងអយ្យការ បានពិនិត្យឃើញថា ជនសង្ស័យ ឈ្មោះ ស្រី ស៊ីណា បានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ឡុង លីសុង ដោយពុំមានការអនុញ្ញាតពីភាគីជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលជាម្ចាស់ផ្ទះឡើយ ដែលសកម្មភាពនេះ គឺបានបង្កើតជាបទល្មើសរំលោភលើលំនៅឋាន»។

សេចក្តីប្រកាស បានបញ្ជាក់ទៀតថា «ផ្អែកតាមអង្គហេតុខាងលើនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់បន្ថែមលើជនសង្ស័យ ឈ្មោះ ស្រី ស៊ីណា ពីបទ រំលោភលើលំនៅឋាន តាមមាត្រា ២៩៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលបទល្មើសនេះ អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ»។

សូមបញ្ជាក់ថា អតីតឧកញ៉ា ស្រី ស៊ីណា អាយុ ៥០ឆ្នាំ ត្រូវបានតុលាការ ចោទប្រកាន់ចំនួន ៣បទល្មើស រួចមកហើយ រួមមាន៖ ១-បទឃាតកម្ម ២-បទប៉ុនប៉ងឃាតកម្ម និង៣-បទប្រើប្រាស់អាវុធដោយខុសច្បាប់។

តុលាការ ក៏បានបំបែកសំណុំរឿងក្តីរបស់អតីតឧកញ៉ា ស្រី ស៊ីណា ដែលបានចូលបាញ់សម្លាប់មនុស្សមួយផ្ទះ ដោយសារតែជម្លោះរវាងអ្នកជិតខាងបន្តិចបន្តួចនេះ ជា ២សំណុំរឿង។ ក្នុងសំណុំរឿងនិមួយៗ ច្បាប់បានកំណត់ផ្តន្ទាទោស ដាក់ពន្ធនាគារចន្លោះពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ។

ជុំវិញសំណុំរឿងក្តីដ៏រសើប ដែលមហាជនចាប់អារម្មណ៍ខ្លាំងនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្វើសន្និសីទកាសែត កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា។ លោករដ្ឋមន្ត្រី កើត រិទ្ធ បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ករណីឧក្រិដ្ឋជន ស្រី ស៊ីណា សូមតុលាការ កុំឱ្យវិធានស្រូបទោស។ ពោលគឺអនុវត្តសាលក្រមចប់១ ត្រូវបន្តអនុវត្តសាលក្រម ១ទៀត។ គឺសំណុំរឿងក្តី ដែលបំបែកជាពីរនេះ បើត្រូវតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារ ១៥ឆ្នាំ ក្នុងសំណុំរឿងនិមួយៗ គឺជនល្មើសនេះ ត្រូវជាប់ពន្ធនាគារសរុប ៣០ឆ្នាំ។

លោករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានប្រកាសថា ជនល្មើស ស្រី ស៊ីណា ត្រូវបញ្ចូលឈ្មោះ ទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវៗ ដែលមិនទទួលបានការបន្ធូរបន្ថយទោស ឬលើកលែងទោសឡើយ។

ក្នុងនោះ លោករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានប្រកាសថា បើសំណុំរឿងក្តីឃាតកម្ម បង្កដោយឧក្រិដ្ឋជន ស្រី ស៊ីណា អនុវត្តមិនតឹងរឹង និងមិនម៉ឺងម៉ាត់ ឬក៏ជាប់ឃុំតែ ២ឆ្នាំ ឬ ៣ឆ្នាំ ស្រាប់តែជននេះ ត្រូវបានដោះលែងពីពន្ធនាគារ នោះលោករដ្ឋមន្ត្រី បានប្រកាសទទួលខុសត្រូវ និងលាលែងពីតំណែងរដ្ឋមន្ត្រីភ្លាម។

លោករដ្ឋមន្ត្រី កើត រិទ្ធ៖ ( សំឡេង )

 

សូមរម្លឹកថា អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានប៉ូលិស ស្ទាក់ចាប់ខ្លួនបាន នៅស្រុកអង្គស្នួល ខេត្តកណ្តាល តែប៉ុន្មានម៉ោង ក្រោយជននេះ បានប្រើកាំភ្លើងខ្លី បាញ់ប្រហារមិនញញើតដៃ លើក្រុមជនរងគ្រោះ ៤នាក់ ដល់ក្នុងផ្ទះរបស់ជនរងគ្រោះ នៅបុរី ប៉េង ហួត បឹងស្នោរ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មូលហេតុនៃជម្លោះនោះ ដោយសារតែម្ចាស់ផ្ទះ ដែលជនល្មើស ស្រី ស៊ីណា ជួលផ្ទះឱ្យ មានជម្លោះជាមួយក្រុមជនរងគ្រោះ ដែលមានផ្ទះល្វែងជាប់ជញ្ជាំងគ្នា ក្នុងរឿងស្នួលហាលខោអាវ មែកស្វាយ ផើងផ្កា ការចតឡាន និងការដាក់ធុងសំរាម ជាដើម។

ក្រោយការចាប់ខ្លួន តុលាការ បានសម្រេចចោទប្រកាន់ជនល្មើស និងសម្រេចឃុំខ្លួន អតីតឧកញ៉ា ស្រី ស៊ីណា ដាក់ពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ៕

 


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
តុលាការសម្រេចចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា បន្ថែម១បទល្មើសទៀត | SBS Khmer