លោកនាយករដ្ឋមន្រ្តី​ អំពាវនាវ​ឱ្យ​ស្ថាប័នតុលាការនិងអយ្យការ អនុវត្តច្បាប់​លើ​ករណី​ លោក ស្រី ស៊ីណា ឱ្យ​តឹងរ៉ឹង

PM Hun Manet talks about SreySina case.png

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់អនុវត្តច្បាប់លើករណី អតីតឧកញ៉ា ស្រី ស៊ីណា។

គិតចាប់តាំងពីថ្ងៃទី១៧ ខែមិថុនា បន្តដល់ថ្ងៃទី២៦ ខែមិថុនា គឺ ១សប្តាហ៍មកហើយ ដែលជនល្មើស ជាអតីតឧកញ៉ា ឈ្មោះ ស្រី ស៊ីណា អាយុ ៥០ឆ្នាំ បានប្រើកាំភ្លើងខ្លី ចូលបាញ់ប្រហារដល់ក្នុងផ្ទះរបស់ជនរងគ្រោះ ដោយសារតែជម្លោះបន្តិចបន្តិចរវាងអ្នកជិតខាងបណ្តាលឱ្យស្លាប់មនុស្ស ២នាក់ និងរបួស ២នាក់។ នៅចុងសប្តាហ៍មុន តុលាការ បានចោទប្រកាន់ និងសម្រេចឃុំខ្លួនជនល្មើស ស្រី ស៊ីណា នៅពន្ធនាគារព្រៃសហើយ។ ជនល្មើស ស្រី ស៊ីណា ត្រូវបានចោទប្រកាន់ ៣បទល្មើស។ ទី១-បទឃាតកម្ម ទី២-បទប៉ុនប៉ងឃាតកម្ម និងទី៣-បទល្មើសប្រើប្រាស់អាវុធខុសច្បាប់។


ជនល្មើស ស្រី ស៊ីណា ត្រូវបានតុលាការ បំបែកសំណុំរឿងជា ២ ដាច់ដោយឡែកពីគ្នា ហើយអាចមានទោស ចាប់ពី ១០ឆ្នាំ រហូតដល់ ១៥ឆ្នាំ ក្នុងសំណុំរឿងនីមួយៗ។

ក្នុងសំណុំរឿងក្តីនេះ ចាប់តាំងពីប៉ូលិស រហូតដល់ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ បានអនុវត្តតាមនីតិវិធីច្បាប់ ស្របទៅតាមអង្គហេតុ, ភស្តុតាង និងអង្គច្បាប់ត្រឹមត្រូវ។

ជារួម នីតិវិធីរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ បានធ្វើឡើងត្រឹមត្រូវតាមច្បាប់។ ពោលគឺចោទប្រកាន់ជនល្មើស ស្រី ស៊ីណា ពីបទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម និងបទកាន់កាប់អាវុធខុសច្បាប់ គឺមានសំអាងហេតុ និងសំអាងច្បាប់ត្រឹមត្រូវ។

ក៏ប៉ុន្តែការចោទប្រកាន់លើជនល្មើស ស្រី ស៊ីណា ខុសចិត្តពីមហាជនមួយចំនួន។ មហាជន ចង់ឱ្យតុលាការ ចោទប្រកាន់ជនល្មើស ស្រី ស៊ីណា ពីបទមនុស្សឃាត គិតទុកជាមុន ដែលត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត។

ដូច្នេះហើយ បានជាមហាជនមួយចំនួន នៅតែបញ្ចេញមតិតាមហ្វេសប៊ុក រហូតដល់អ្នកខ្លះហាក់ដូចជា អស់ជំនឿលើប្រព័ន្ធយុត្តិធម៌កម្ពុជា។

ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារលើហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ដោយលើកឡើងថា ករណីឃាតកម្ម បង្កដោយជនល្មើស ឈ្មោះ ស្រី ស៊ីណា គឺមានការជជែកវែកញែកគ្នា ពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើស នៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្តីកង្វល់ និងបារម្ភ ខ្លាចជនល្មើស ពុំត្រូវបានផ្តន្ទាទោសអោយបានម៉ឺងម៉ាត់ តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំ ដោយមិនប្រក្រតី។

ក្នុងសំណុំរឿងក្តីដ៏រស៊ើបនេះ ទាំងក្រសួងយុត្តិធម៌ និងទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ ក្នុងការពិនិត្យ និងអនុវត្តច្បាប់លើករណីនេះ ឱ្យបានហ្មត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ ព្រមទាំងឱ្យបានត្រឹមត្រូវ ទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយ ជាដាច់ខាត។

ប៉ុន្មានម៉ោងក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារមួយទៀត ប្រគល់ភារកិច្ចបន្ថែមជូនលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ នាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយ នៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាត ទាក់ទងនឹងការដាក់ទម្ងន់ទោស ចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវ ដែលមានជនល្មើស ឈ្មោះ ស្រី ស៊ីណា។

លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា «យើងមិនអាចផ្ដន្ទាទោសជនល្មើស លើសពីអ្វីដែលច្បាប់ជាធរមាន បានចែង ឬបញ្ញត្តិនោះទេ ប៉ុន្តែទៅថ្ងៃអនាគត យើងអាចធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើនទម្ងន់ទោសទណ្ឌ សម្រាប់អ្នកប្រព្រឹត្តខុសបែបនេះ»។

យ៉ាងណាក៏ដោយ ក្នុងសំណុំរឿងក្តីឃាតកម្ម ដែលជនល្មើស ឈ្មោះ ស្រី ស៊ីណា បានងារជាឧកញ៉ា បាញ់សម្លាប់មនុស្សមួយផ្ទះ ដោយមិនញញើតដៃនេះ ក៏ត្រូវបានក្រសួងយុត្តិធម៌ ប្រកាស រៀបចំធ្វើសន្និសីទកាសែត នៅរសៀលថ្ងៃទី២៦ ខែមិថុនានេះ នៅទីស្តីការក្រសួងយុត្តិធម៌ ដោយមានលោករដ្ឋមន្ត្រី កើត រិទ្ធ ចេញមុខ ធ្វើសន្និសីទកាសែតដោយផ្ទាល់ផងដែរ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
លោកនាយករដ្ឋមន្រ្តី​ អំពាវនាវ​ឱ្យ​ស្ថាប័នតុលាការនិងអយ្យការ អនុវត្តច្បាប់​លើ​ករណី​ លោក ស្រី ស៊ីណា ឱ្យ​តឹងរ៉ឹង | SBS Khmer