( សំឡេង... )
នៅវត្តភ្នំ ដែលជាបេះដូងរបស់រាជធានីភ្នំពេញ និងសម្រាប់ប្រទេសកម្ពុជា និយាយជារួម គឺក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិ ពេលនេះ មានប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយ ដូចជា ទាញព្រ័ត្រ ដណ្តើមស្លឹកឈើ វាយក្អម និងលាក់កន្សែង ជាដើម។ នៅវត្តភ្នំ ក៏មានការសម្តែងរបាំត្រុដិច្រើនក្រុមផងដែរ។
ក្រៅពីនោះ នៅវត្តភ្នំ ក៏ការប្រគំតន្ត្រី ច្រៀងរាំ រួមទាំងការលែងបាញ់ទឹក តាមកាំភ្លើងជ័រ។ ឡានទឹករបស់ប៉ូលិស សម្រាប់ពន្លត់អគ្គិភ័យ ក៏ត្រូវបានប្រើប្រាស់ ដើម្បីបាញ់ទឹកដល់អ្នកចូលរួមលេងរាប់ម៉ឺននាក់ ដែលប្រជ្រៀតគ្នា រកតែផ្លូវដើរសឹងមិនបាន នៅជុំវិញបរិវេណវត្តភ្នំ។
( សំឡេង ប្រជាពលរដ្ឋ )
មិនថា តែនៅវត្តភ្នំទេ ដែលមានមនុស្សច្រើន ជួបជុំលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅតាមរមណីយដ្ឋានច្រើនទៀត និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ក៏មានការជួបជុំលេងល្បែងប្រជាប្រិយ រួមទាំងលេងបាញ់ទឹក ក្នុងឱកាសបុណ្យចូលឆ្នាំនេះផងដែរ។
យ៉ាងណាក៏ដោយ បុណ្យចូលឆ្នាំ រយៈពេល ៣ថ្ងៃ គិតពីថ្ងៃទី១៣មេសា ដល់ថ្ងៃទី១៥មេសា នៅទូទាំងប្រទេសកម្ពុជា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ៤៨លើក បណ្តាលឱ្យស្លាប់ ៣២នាក់ របួស ៨២នាក់។
ក្នុងនោះរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១៣លើក បណ្ដាលឲ្យមនុស្សស្លាប់ ១៣នាក់ និងរបួសធ្ងន់ស្រាល ៣០នាក់។
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១៧លើក បណ្ដាលឲ្យមនុស្ស ៨នាក់ ស្លាប់ និងអ្នករបួស ២៨នាក់។
ចំណែកថ្ងៃទី១៥មេសា ដែលជាថ្ងៃចូលឆ្នាំ ថ្ងៃទី៣ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ១៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ១១នាក់ និងរបួស ២៤នាក់។
មូលហេតុ ដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង ជាដើម។
ចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅសល់ ១ថ្ងៃទៀត គឺថ្ងៃទី១៦ ខែមសា ដោយសារតែនៅឆ្នាំនេះ ចូលឆ្នាំ មាន ៤ថ្ងៃ។
សូមបញ្ជាក់ថា កាលពីពេលចូលឆ្នាំថ្មី ប្រពៃណីជាតិ កាលពីឆ្នាំមុន ត្រូវនឹងថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេស កើតមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៤៥ករណី បណ្តាលឱ្យស្លាប់ ២៥នាក់ និងរងរបួស ៩២នាក់៕