យ៉ាងហោចណាស់ មនុស្ស ៣នាក់ ត្រូវបានចាប់ខ្លួន ដោយសារតែចោទរដ្ឋាភិបាលកម្ពុជាថា កាត់ទឹកដី ៤ខេត្ត ឱ្យវៀតណាម

Hun Sen Special Triangle Zone.jpg

លោក ហ៊ុន សែន បង្ហាញតំបន់អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-វៀតណាម។

កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារពិសេសជូនជនរួមជាតិ ទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម CLV។


ក្នុងសារជាវិដេអូ ផ្សាយផ្ទាល់តាមទូរទស្សន៍ក្នុងស្រុក និងតាមបណ្តាញសង្គម លោក ហ៊ុន សែន បានប្រកាស ព្រមានចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់ ចំពោះអ្នកចោទប្រកាន់ថា រាជរដ្ឋាភិបាលរបស់កូនលោក រួមទាំងរូបលោកផង ក្បត់ជាតិ ដោយបានកាត់ទឹកដី ៤ខេត្ត រួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ឱ្យទៅប្រទេសវៀតណាម។ ខេត្តទាំង ៤នេះ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍត្រីកោណ រវាងតំបន់ជាប់ព្រំដែន ៣ប្រទេស គឺកម្ពុជា ឡាវ និងវៀតណាម។

លោក ហ៊ុន សែន បានប្រកាសថា មកដល់រសៀលថ្ងៃទី២៣កក្កដា មានមនុស្ស ៣នាក់ហើយ ត្រូវបានចាប់ខ្លួន នៅខេត្តសៀមរាប។ អ្នកទាំងនោះ បានចេញវិដេអូ តាមបណ្តាញសង្គម ចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា កាត់ដី ៤ខេត្ត នៅជាប់ព្រំដែន ឱ្យទៅវៀតណាម ដូច្នេះ ត្រូវប្រឈមមុខចំពោះមុខច្បាប់ ដោយមិនមានការបន្ធូរបន្ថយនោះទេ។

ជាមួយគ្នានោះ លោក ហ៊ុន សែន ក៏បានរម្លឹកឡើងវិញពីការបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ចាប់តាំងពីឆ្នាំ១៩៩៩ ហើយអ្នកដែលផ្តួចផ្តើមបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណនៅព្រំដែនប្រទេសទាំងបីនេះ គឺរូបលោកនេះឯង ដោយកម្ពុជា មិនបានធ្វើតាមការផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រីវៀតណាម ដូចការចោទប្រកាន់នោះទេ ហើយកម្ពុជា ក៏មិនបានបញ្ចូលខេត្តទាំង ៤នោះ ទៅក្នុងប្រទេសវៀតណាម ឬប្រទេសឡាវទេ ដោយប្រទេសទាំង ៣ បានបោះបង្គោលកំណត់ព្រំដែនច្បាស់លាស់។ ពោលគឺនេះជាកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសង្គមតែប៉ុណ្ណោះ។

( សំឡេង )

ជាមួយនឹងការលើកឡើងខាងលើ លោក ហ៊ុន សែន ដែលទោះបីជាចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ហើយបានប្រគល់តំណែងនេះ ទៅកូនប្រុសរបស់លោក តែលោកហ៊ុនសែន នៅតែជាអ្នកមានអំណាចកំពូលនៅកម្ពុជា ក៏បានប្រកាសថា កម្ពុជា ត្រូវការសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង។ កម្ពុជា មិនអត់ឪនឱ្យអ្នកណាក៏ដោយ ដែលប្រឆាំង និងបង្កចលាចល បង្កើតនូវភាពវឹកវរ បង្អាក់ការអភិវឌ្ឍ ឬរហូតឈានដល់ធ្វើសង្រ្គាម។

( សំឡេង )

សូមរម្លឹកថា នៅរយៈពេលប៉ុន្មានថ្ងៃមកនេះ តាមបណ្តាញសង្គម ពិសេសតាមហ្វេសប៊ុក មានការផ្សព្វផ្សាយតៗគ្នា ថា រាជរដ្ឋាភិបាលកម្ពុជា កាត់ទឹកដី ៤ខេត្ត នៅជាប់ព្រំដែនវៀតណាម និងឡាវ ឱ្យទៅប្រទេសវៀតណាម។ ជាការលើកឡើង ដែលខ្វះព័ត៌មានពិត ហើយក៏អាចជាការផ្សព្វផ្សាយរបស់ក្រុម MMO។ ក្រុមនេះ អាចជាក្រុមប្រឆាំង ហើយក៏អាចជាក្រុម ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្វែរព្រឹត្តិការណ៍អ្វីមួយ នៅក្នុងសង្គមកម្ពុជា។

ដូច្នេះករណីនេះ ទាមទារឱ្យប្រជាពលរដ្ឋ ត្រូវបង្កើនការយល់ដឹង និងត្រូវស្វែងយល់ពីព័ត៌មានពិត កុំឆាប់ជឿគេ ហើយក៏ត្រូវពិនិត្យពិចៃមើល ថាតើប្រភពព័ត៌មាន ដែលផ្សព្វផ្សាយនោះ មកពីណា និងគួរឱ្យទុកចិត្តឬទេ?៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
យ៉ាងហោចណាស់ មនុស្ស ៣នាក់ ត្រូវបានចាប់ខ្លួន ដោយសារតែចោទរដ្ឋាភិបាលកម្ពុជាថា កាត់ទឹកដី ៤ខេត្ត ឱ្យវៀតណាម | SBS Khmer