ប៉ូលិស ចោទប្រកាន់ លោក ស្រី ស៊ីណា ពីបទមនុស្សឃាតគិតទុកជាមុន

Okhna Srey Sina.png

លោក ស្រី ស៊ីណា ជនជាប់ចោទពីបទមនុស្សឃាតគិតទុកជាមុន

ឧកញ៉ា ស្រី ស៊ីណា ដែលត្រូវបានចោទថាបាញ់សម្លាប់ជនរងគ្រោះ ២នាក់គូដណ្តឹង នៅបុរីប៉េងហួតបឹងស្នោរ ត្រូវបានដកគោរមងារ ជាឧកញ៉ា ខណៈប៉ូលិស រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន។


កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ព្រះករុណា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា» ពីលោក ស្រី ស៊ីណា។ លោកឧកញ៉ា ស្រី ស៊ីណា បានបាញ់សម្លាប់ជនរងគ្រោះ ២នាក់គូដណ្ដឹង នៅក្នុងបុរីប៉េងហួតបឹងស្នោរ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ បញ្ចប់គោរមងារ ឧកញ៉ា ពីលោក ស្រី ស៊ីណា។

ការសម្រេចដកគោរមងារពីឧកញ៉ា ដែលបាញ់សម្លាប់មនុស្សដូច្នេះ បានធ្វើឡើង តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ក្នុងសំណុំរឿងឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់អ្នកជិតខាង ដោយសារតែជម្លោះបន្តិចបន្តួចនេះ ត្រូវបានលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់អ្នកកាសែត កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនាថា ប៉ូលិស បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដោយចោទប្រកាន់មនុស្សយ៉ាងហោចណាស់ ៣នាក់ ពីបទ «ឃាតកម្មគិតទុកជាមុន»។

មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ចែងពីបទ ឃាតកម្មគិតទុកជាមុន បានកំណត់ពីការផ្តន្ទាទោសជនល្មើស ដាក់ពន្ធនាគារអស់មួយជីវិត។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ក្នុងសំណុំរឿងឃាតកម្មដ៏សាហាវនេះ ជនដៃដល់ មានតែម្នាក់ទេ គឺលោកឧកញ៉ា ស្រី ស៊ីណា។ ចំណែកបុរស ២នាក់ទៀត គឺជាអ្នកដឹកឧកញ៉ា ស្រី ស៊ីណា គឺម្នាក់ជាអ្នកបើកបរម៉ូតូ និងម្នាក់ទៀត ជាអ្នកបើកបរឡាន ដែលជូនឧកញ៉ានេះ នៅមុន និងក្រោយពេលកើតហេតុ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ( សំឡេង )

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានប្រកាសពីវិធានការក្តៅ ដំណាក់កាលទី២ ដោយបង្កើតក្រុមចម្រុះ តាមបង្រ្កាបមុខសញ្ញាក្មេងទំនើង ដល់មូលដ្ឋាន និងដល់ផ្ទះ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ បន្ថែមថា ម្ចាស់ទីតាំង ឬផ្ទះជួល ដែលមានការផ្សំគំនិតបិទបាំង មិនសហការជាមួយសមត្ថកិច្ច ក្នុងការបង្រ្កាបក្រុមក្មេងទំនើង ត្រូវប្រឈមមុខតាមច្បាប់។

( សំឡេង )

សូមរម្លឹកថា ការបង្រ្កាបក្រុមក្មេងទំនើង ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៣ ខែឧសភា បានប្រកាសដាក់ចេញបទបញ្ជា ឲ្យអាជ្ញាធរសមត្ថកិច្ច ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ លើក្រុមក្មេងទំនើង ដែលបង្កភាពអសន្តិសុខ ក្នុងសង្គម។

មកទល់ពេលនេះ ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង ត្រូវបានអាជ្ញាធរសមត្ថកិច្ច ចាត់វិធានការនៅទូទាំងប្រទេស។

ក្នុងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបន្តជំរុញឲ្យអាជ្ញាធរសមត្ថកិច្ច បន្តសហការ បង្ក្រាបករណីក្មេងទំនើង ឲ្យមានប្រសិទ្ធភាព គឺងើបចេញមួយ បង្ក្រាបមួយ បើងើបចេញមួយក្រុម ត្រូវបង្ក្រាបមួយក្រុម ដើម្បីសន្តិសុខសណ្តាប់ធ្នាប់ប្រទេសជាតិ៕

 


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
ប៉ូលិស ចោទប្រកាន់ លោក ស្រី ស៊ីណា ពីបទមនុស្សឃាតគិតទុកជាមុន | SBS Khmer