ថ្នាក់ដឹកនាំគណបក្ស​ភ្លើងទៀន​ ២នាក់ទៀត​ត្រូវ​បាន​ចាប់​ឃុំខ្លួន

Candle Light Party council election campaign 2022

Credit: Meng Phalla

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ ប៉ូលិសក្រុងភ្នំពេញ បានចាប់ខ្លួនថ្នាក់ដឹកនាំ ២នាក់ទៀត របស់គណបក្សភ្លើងទៀន នៅរាជធានីភ្នំពេញ។ ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងនេះ ត្រូវបានប៉ូលិសប្រកាសថា ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ ការចាប់ខ្លួននោះ ធ្វើឡើង តាមដីការបស់តុលាការ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។


សេចក្តីប្រកាសព័ត៌មាន ​បង្ហាញថា នៅថ្ងៃទី៣១ ខែមករា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ លើបុគ្គលចំនួន ២នាក់៖ ទី១-ឈ្មោះ ម៉ា ចិន្តា អាយុ ៥៤ឆ្នាំ ជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌដូនពេញ។ ទី២- ឈ្មោះ ហាក់ កុសល អាយុ ៤២ឆ្នាំ ជាលេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌជ្រោយចង្វារ។

ពាក់ព័ន្ធករណីនេះ គណបក្ស ភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសថ្កោលទោស ចំពោះអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ខ្លួនលោក ហាក់ កុសល លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្ស ភ្លើងទៀន ខណ្ឌជ្រោយចង្វារ និងលោក ម៉ា ចិន្តា អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស ភ្លើងទៀន ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ។

គណបក្សភ្លើងទៀន ក៏បានចាត់ទុកថា ការចាប់ខ្លួន លោក ហាក់ កុសល និងលោក ម៉ា ចិន្តា ពេលនេះ គឺជារូបភាពគំរាមកំហែងថ្មីៗទៀត ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន និងការធ្វើឱ្យបរិយាកាសនយោបាយ មុនការបោះឆ្នោតអសកល ក្នុងឆ្នាំ២០២៤ នេះ គឺការបោះឆ្នោតព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ រឹតតែមានភាពអាប់អួរថែមទៀត។

ក៏ប៉ុន្តែអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា «សមត្ថកិច្ចអនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដោយបាននាំខ្លួនជនខាងលើ ប្រគល់ជូនសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេង ពាក់ព័ន្ធដល់គម្រាមកំហែង ធ្វើទុកបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ»។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានប្រកាស បដិសេធ និងច្រានចោលទាំងស្រុងនូវការចោទប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សភ្លើងទៀន ដែលបានចុះផ្សាយ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមរម្លឹកថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ប្រធានស្តីទីគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ត្រូវបានប៉ូលិសចាប់ខ្លួន ពីផ្ទះរបស់លោក នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ករណីចាប់ខ្លួននេះ ត្រូវបានប៉ូលិស និងតុលាការ បញ្ជាក់ថា ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ ដែលប្តឹងដោយសមាជិកគណបក្សភ្លើងទៀន ៣នាក់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា បានប្រកាសថា ការចាប់ខ្លួនប្រធានទីស្តីគណបក្សភ្លើងទៀន រាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ គឺធ្វើឡើង តាមពាក្យបណ្តឹងពីជនរងគ្រោះ ៣នាក់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយរបស់ពួកគាត់ ដើម្បីចុះឈ្មោះចូលបញ្ជីរាយនាមបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី៣ របស់គណបក្សភ្លើងទៀន ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន។

តាមរយៈការផ្តល់ភស្តុតាងពីសាមីជនរងគ្រោះទាំង ៣រូប ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសថា «សមត្ថកិច្ច បានធ្វើកោសល្យវិច័យ ឃើញថា ពិតជាស្នាមមេដៃ និងហត្ថលេខាក្លែងបន្លំ»។

តាមសេចក្តីប្រកាស សមត្ថកិច្ច បានបញ្ជាក់ថា ការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធ ដល់ការគំរាមកំហែង ធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
ថ្នាក់ដឹកនាំគណបក្ស​ភ្លើងទៀន​ ២នាក់ទៀត​ត្រូវ​បាន​ចាប់​ឃុំខ្លួន | SBS Khmer