អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បំពេញទស្សនកិច្ចនៅកម្ពុជា

PM Hun Manet meets with UN Special Rapporteur on Human Rights in Cambodia Mr. Vitt Muntarbhorn.jpg

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា លោកវីធីត ម៉ាន់ត្រាផន ជួបជាមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន កំពុងបំពេញទស្សនកិច្ច ដើម្បីស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា។


លោក វីធីត ម៉ាន់ត្រាផន ជាជនជាតិថៃ ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា កាលពីខែមីនា ឆ្នាំ២០២១។

លោកមានភារកិច្ច ដើម្បីធ្វើការវាយតំលៃលើស្ថានភាពសិទ្ធិមនុស្ស រាយការណ៍ជាសាធារណៈអំពីស្ថានភាពនោះ ហើយធ្វើការជាមួយរដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកផ្សេងទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា។

ក្នុងដំណើរមកកាន់កម្ពុជា ពេលនេះ អ្នករាយការណ៍ពិសេស បានជួបនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ជួបគ.ជ.ប ជួបស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា រួមទាំងជួបក្រុមអង្គការសង្គមស៊ីវិល នៅកម្ពុជា ផងដែរ។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៧ ខែធ្នូ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើង នៅក្នុងកិច្ចពិភាក្សាតុមូល លើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ថា សេរីភាពបញ្ចេញមតិ នៅកម្ពុជា មានវិសាលភាពធំធេង តែត្រូវភ្ជាប់ដោយការទទួលខុសត្រូវ។ ក្នុងនោះ សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ត្រូវបានធានាដោយសន្តិភាព។

លោកប៉ែនបូណា លើកឡើងថា សេរីភាពបញ្ចេញមតិនៅកម្ពុជា មានវិសាលភាពធំធេង តែអ្វីដែលនៅជាបញ្ហាសេសសល់ ក្នុងរយៈពេលចុងក្រោយនេះ គឺនៅត្រង់ការទទួលខុសត្រូវ។ ការទទួលខុសត្រូវ ដែលលោក ប៉ែន បូណា បានលើកឡើងពីមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញ ដើម្បីជាមូលដ្ឋានគ្រឹះ ក្នុងការប្រើប្រាស់សិទ្ធិសេរីភាព ឲ្យត្រឹមត្រូវ តាមផ្លូវច្បាប់។

លោក ប៉ែន បូណា៖ ( សំឡេង )

មាត្រា៤១នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួនសេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ បានឡើយ។ របបសារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់។

តាមអ្នកនាំពាក្យរាជរដ្ឋាភិបាល លំហសិទ្ធិសេរីភាពនៅកម្ពុជា គឺមានគណបក្សនយោបាយជាច្រើន ត្រូវបានបង្កើតឡើង ដើម្បីចូលរួមការបោះឆ្នោត អង្គការសង្គមស៊ីវិលរាប់ពាន់ ត្រូវបានបង្កើតឡើង សារព័ត៌មានជាងពីរពាន់អង្គភាព កំពុងធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ និងមានអ្នកសារព័ត៌មាន រួមទាំងអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយនេះ រាប់ម៉ឺននាក់។ ដោយឡែក បណ្តាញសង្គមនៅកម្ពុជាវិញ មានគ្រប់បែបយ៉ាង ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ខណៈការបញ្ចេញមតិ ក៏មានលក្ខណៈទូលំទូលាយផងដែរ។

យ៉ាងណាក៏ដោយ សេរីភាពនៅកម្ពុជា នៅតែត្រូវបានក្រុមអ្នកធ្វើការខាងសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិលមួយចំនួន និងបក្សប្រឆាំង មើលឃើញថា ត្រូវបានរឹតត្បិតនៅឡើយ។ ក្នុងនោះ អ្នកនយោបាយបក្សប្រឆាំង មិនអាចមានសេរីភាពពេញលេញ ដើម្បីធ្វើនយោបាយ ប្រកួតប្រជែងដោយស្មើភាព និងដោយសេរីបានឡើយ។

ក្នុងនោះ ទោះជាប្រព័ន្ធផ្សព្វផ្សាយមានច្រើនក៏ពិតមែន តែប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មិនលម្អៀង ពិបាក ក្នុងការបំពេញការងារតាមវិជ្ជាជីវៈ ហើយត្រូវបានបិទមិនឱ្យផ្សាយ ដូចករណីវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ដែលត្រូវរដ្ឋាភិបាលកម្ពុជា ដកហូតអាជ្ញាបណ្ណ បិទមិនឱ្យផ្សាយ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ នេះ ជាដើម៕



Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បំពេញទស្សនកិច្ចនៅកម្ពុជា | SBS Khmer