ក្រសួងអប់រំកម្ពុជា​ណែនាំឱ្យ​ទប់ស្កាត់​ការ​ប្រើប្រាស់​បារីអឡិចត្រូនិកនៅ​បរិវេណសាលារៀន

Australia Explained - Vaping

បារីអេឡេចត្រូនិច ឬ Vape Credit: Peter Dazeley/Getty Images

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្តីពី ការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape)និងផលិតផល អេចន៍ ធី ភី (HTPs) នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ សេចក្តីជូនដំណឹងជាថ្មីនេះ ធ្វើឡើង ក្នុងគោលបំណងចូលរួមអប់រំ ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយ និងការអូសទាញយុវវ័យតាមបណ្តាញសង្គមនានា កុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល HTP។


បារីអេឡិចត្រូនិក និងផលិតផល HTP ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា មិនមែនជាឧបករណ៍ សម្រាប់ផ្តាច់ការជក់បារីនោះទេ ប៉ុន្តែជាផលិតផល ដែលមានផលប៉ះពាល់ដល់សង្គម ក្រុមគ្រួសារ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដូចជា បង្កជំងឺមហារីក ជំងឺសួត បង្កើនហានិភ័យជំងឺបេះដូង ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតី ក្នុងអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារ និងយុវវ័យ ព្រមទាំងបង្កអន្តរាយដល់រាងកាយ។

ចំពោះមហន្តរាយនេះ ក្រសួងអប់រំ យុវជន និងកីឡាបានណែនាំ ៣ចំណុច ដល់មន្ទីរអប់រំ រាជធានីខេត្ត ការិយាល័យអប់រំ ក្រុងស្រុកខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិត រួមមាន៖ ១-ធ្វើការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់រូបភាពពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល HTP ដល់បុគ្គលិកអប់រំ និងអ្នកសិក្សា។ ២-ហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការជួញដូរ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាពនូវបារីអេឡិចត្រូនិក និងផលិតផល HTP ខាងក្នុង និងជុំវិញខាងក្រៅបរិវេណគ្រឹះស្ថានសិក្សា។ ៣-សហការជាមួយមាតា បិតា ឬអ្នកអាណាព្យាបាល បុគ្គលិកអប់រំ អ្នកសិក្សា និងអ្នកពាក់ព័ន្ធ ក្នុងការកំណត់មុខសញ្ញា ទីតាំងចែកចាយ និងជួញដូរបារីអេឡិចត្រូនិក និងផលិត HTP ដើម្បីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ចំពោះវិធានការថ្មីនេះ ត្រូវបានលោកគ្រូអ្នកគ្រូ ប្រកាសចូលរួមទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី (HTPs) យ៉ាងដូច្នេះថា៖ ( សំឡេង )

 ចំណែកអ្នកជំនាញសុខភាព លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានលើកឡើងថា បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) មិនមែនជាឧបករណ៍ សម្រាប់ផ្តាច់ការជក់បារីនោះទេ ប៉ុន្តែជាផលិតផលដែលមានផលប៉ះពាល់ដល់ សង្គម ក្រុមគ្រួសារ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។

( សំឡេង )

សូមបញ្ជាក់ថា កន្លងមក ក្រសួងអប់រំ បានចេញលិខិតណែនាំជាច្រើនរួចមកហើយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ ផ្សព្វផ្សាយ និងការអូសទាញយុវវ័យ តាមបណ្តាញសង្គមនានា ឱ្យយុវជនប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products)។

នៅកម្ពុជា អាជ្ញាធរសមត្ថកិច្ច បានប្រកាសចាត់ទុកផលិតផលបារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ជាផលិតផលខុសច្បាប់ ហើយក៏បានចាប់រឹបអូស យកទៅកម្ទេចចោលផងដែរ។ តែមកដល់ពេលនេះ នៅតែមានយុវជនមួយចំនួន ពិសេសក្មេងសិស្សសាលាវិទ្យាល័យខ្លះ លួចលាក់ប្រើប្រាស់ទៅវិញ។

ដូច្នេះការចូលរួមរបស់ឪពុកម្តាយ និងអាណាព្យាបាល ជារឿងចាំបាច់ ក្នុងការអប់រំ កូនចៅ បូករួមនឹងការណែនាំរបស់គ្រូនៅសាលា ដើម្បីកុំឱ្យកូនប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល HTP ដែលជាផលិតផលខុសច្បាប់ និងធ្វើឱ្យប៉ះពាល់សុខភាពនេះ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service