វៀតណាមបន្តទាមទារឱ្យកម្ពុជា ផ្តល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ

FunonCanelProject.jpg

គម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ

វៀតណាម តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស អ្នកស្រី Pham Thu Hang បានថ្លែងតាមកាសែត The Saigon Times របស់វៀតណាម ផ្សាយថា វៀតណាម ត្រូវការឱ្យកម្ពុជា ចែករំលែកព័ត៌មាន អំពីគម្រោងជីកព្រែក ហ្វូណនតេជោ ដែលភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក ពីភ្នំពេញ ទៅកាន់សមុទ្រ នៅក្នុងទឹកដីកម្ពុជា។


មិនខុសពីការលើកឡើងរបស់ក្រុមអ្នកស្រាវជ្រាវវៀតណាមកន្លងមកទេ នៅពេលនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានលើកឡើងថា គម្រោងព្រែកជីក ហ្វូណនតេជោ របស់កម្ពុជា ត្រូវបានគេជឿថា ផ្តល់ផលប៉ះពាល់ដល់ធនធានទឹក និងបរិស្ថាន ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី នៅតំបន់ទន្លេមេគង្គ។

ចំពោះការលើកឡើងខាងលើនេះ ត្រូវបានកម្ពុជា តាមរយៈអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានច្រានចោល ហើយថា ដូចដែលថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានពន្យល់រួចហើយ គឺគម្រោងព្រែកជីកនេះ មិនមានការប៉ះពាល់ដល់បរិស្ថាន និងមិនបង្កផលប៉ះពាល់ដល់បណ្ដាប្រទេសជាមិត្តជិតខាង ឬក៏ប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជាឡើយ។ គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឡើង ដើម្បីពង្រឹងសេដ្ឋកិច្ចសង្គមកម្ពុជាប៉ុណ្ណោះ។

លោក ប៉ែន បូណា៖ ( សំឡេង )

សូមរម្លឹកថា កាលពីព្រឹកថ្ងៃសុក្រ ទី៣ ខែឧសភា ចុងសប្តាហ៍មុន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើបទបង្ហាញពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនដល់បណ្តាស្ថានទូតបរទេសទាំងអស់ ប្រចាំប្រទេសកម្ពុជា។ កម្ពុជា ដែលបានបញ្ជាក់ម្តងហើយម្តងទៀតថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវធ្វើឡើង ដើម្បីពង្រឹងសេដ្ឋកិច្ចសង្គមកម្ពុជា ក្នុងការដឹកជញ្ជូនទំនិញ តាមផ្លូវទឹក ពីភ្នំពេញ ទៅសមុទ្រ មិនមែនដូចការបារម្ភរបស់វៀតណាម និងអាមេរិក រួមទាំងសម្ព័ន្ធមិត្តផ្សេងទៀត ដែលថា ចិន នឹងប្រើផ្លូវទឹកនេះ ដើម្បីចល័តកងទ័ពចូលមកបោះទីតាំងឈរជើង នៅកម្ពុជា និងនៅកៀកនឹងប្រទេសវៀតណាមនោះទេ។

កម្ពុជា សព្វថ្ងៃ ត្រូវដឹកទំនិញតាមផ្លូវទឹក ចេញពីភ្នំពេញ តាមទន្លេមេគង្គ ដោយឆ្លងកាត់ប្រទេសវៀតណាម និងប្រើប្រាស់កំពង់ផែសមុទ្ររបស់ប្រទេសវៀតណាម ដែលមន្ត្រីជាន់ខ្ពស់កម្ពុជា លើកឡើងថា នាំឱ្យថ្លៃដឹកជញ្ជូនទំនិញរបស់កម្ពុជា ចំណាយច្រើន ទាំងពេលវេលា និងទាំងថ្លៃដឹកជញ្ជូន ក៏ខ្ពស់។ ដូច្នេះកម្ពុជា ចង់រស់ដោយខ្លួនឯង លែងពឹងអុកស៊ីហ្សែនវៀតណាម តទៅទៀត ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវទឹក។

កម្ពុជា កាលពីឆ្នាំ២០២៣ ក្នុងពេលលោក ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី បានសម្រេចប្រគល់គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង ១៨០គ.ម ភ្ជាប់ការដឹកជញ្ជូនពីភ្នំពេញ ទៅសមុទ្រ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ឱ្យទៅក្រុមហ៊ុនចិន វិនិយោគក្នុងទំហំទឹកប្រាក់ ១៧០០លានដុល្លារអាមេរិក។

គម្រោងជីកព្រែកនេះ គ្រោងនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤ នេះ និងគ្រោងបញ្ចប់ការសាងសង់ នៅក្នុងឆ្នាំ២០២៨។

ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានដំណឹងថា ក្រុមហ៊ុនចិន បានទម្លាក់លុយ ដើម្បីវិនិយោគលើព្រែកជីកនោះនៅឡើយទេ។ តែរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោក ហ៊ុន សែន ជាឪពុក និងលោក ហ៊ុន ម៉ាណែត ជាកូន ដែលជានាយករដ្ឋមន្ត្រីកម្ពុជា សព្វថ្ងៃ បានប្រកាសរួចហើយថា ទោះបីជាចិន មិនវិនិយោគ ដាក់លុយមកទេ ក៏កម្ពុជា អនុវត្តឱ្យបាននូវគម្រោងជីកព្រែកជាប្រវត្តិសាស្ត្រនេះ ដោយមានសេណារីយ៉ូ ចំនួន ៣ ដើម្បីសម្រេចគម្រោងការនេះ៕




Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
វៀតណាមបន្តទាមទារឱ្យកម្ពុជា ផ្តល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ | SBS Khmer